ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌ៧មករា ស្នើសុំអាជ្ញាធរ ជួយ ពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធនៅអគារ៦បុរីកីឡា ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណដែលប៉ូលិ៏សធ្វើខុសឈ្មោះនិងរូបថត
ប្រជាពលរដ្ឋស្នើសុំបែបនេះ ក្នុងវេទិការ ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រារព្ធធ្វើ ឡើងក្នុងខណ្ឌ ៧មករា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្តាតអូឡាំពិកក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ហួត ហៃ អភិបាល រងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឱ្យ មានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិការផ្សព្វ ផ្សាយ និងពិគ្រោះយោបល់នៅតាម សង្កាត់នានា ក្នុងខណ្ឌរបស់ខ្លួនក្នុងអំឡុងខែមិថុនានៃឆ្នាំនីមួយៗ ដែលជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបាន អនុវត្តរួចហើយក្នុងឆ្នាំ២០២៤នេះ ស្របតាមច្បាប់កំណត់។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសមិទ្ធិផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងផ្ដល់ឱកាសជូនប្រជា ពលរដ្ឋបាន លើកឡើងនូវសំនួរ សំណើរនិងសំណូមពរ ទាំងផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរដែលជាកង្វល់របស់ប្រជាពលរដ្ឋ ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង ក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។ វេទិការពិគ្រោះយោបល់របស់ក្រុមប្រឹ ក្សារាជធានីភ្នំពេញនេះ គឺផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្តការដោះស្រាយជូន។
វេទិការពិគ្រោះយោបល់នាពេលនេះបានផ្ដោតលើប្រធានបទចំនួន៤រួមមាន៖ ទី១កាងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (ភូមិ សង្កាត់ មានសុវត្ថិភាព) ទី២ ការងារអភិវឌ្ឍមូលដ្ឋាន (ផ្លូវ ថ្នល់ លូ) ទី៣ ការងារបរិស្ថាន (បញ្ហាសំរាម សុខុមាលភាពសង្គម)និងទី៤ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
វេទិការពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋបានថ្លែងការអរគុណចំពោះអាជ្ញាធរខណ្ឌ៧មករា ជាពិសេសសង្កាត់វាលវង់ បានដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងគ្រឿងញៀន នៅប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ បានល្អប្រសើរសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ហើយស្នើសុំទៅរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធ នៅអគារ៦បុរីកីឡា។ ប្រជាពលរដ្ឋបានស្នើសុំឲ្យពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ ដែលប៉ូលិសធ្វើខុសឈ្មោះនិងរូបថត។ ប្រជាពលរដ្ឋ ក៏សូមអរគុណនិងកោតសរសើរដល់សមត្ថកិច្ចជួយបង្ក្រាបគ្រឿងញៀន ក្មេងទំនើងក្នុងមូលដ្ឋានខណ្ឌ៧មករា បានល្អប្រសើរ ហើយសូមឲ្យធ្វើការងារនេះឲ្យបានល្អជារៀងរហូត។
ឆ្លើយតបទៅនឹងសំណើរនិងសំណូមពរប្រជាពលរដ្ឋក្នុងឱកាសនោះឯកឧត្តម ហួត ហៃ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន៣នាក់និង សំណើជាលាយលក្ខ ណ៍ ចំនួន៨ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ៥៥៧នាក់។
ឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីនឹងពន្លឿនការដោះស្រាយបញ្ហាទំាងអស់នេះនៅពេលឆាប់ៗខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសំណើរនិងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។ ឯកឧត្ដមបានបន្តថា ចំពោះបញ្ហាណាដែលប្រជាពលរដ្ឋបានលើកឡើង រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។ វេទិការសាធារណៈ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញនេះ ពិតជាមានសារៈសំខាន់ណាស់ដែលទទួលបានព័ត៌មាននិងតម្រូវការថ្មីៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរចាត់វិធានការណ៍ដោះ ស្រាយឱ្យចំទិសដៅជូនប្រជាពលរដ្ឋ៕ ដោយ៖ សំរិត