ភ្នំពេញ៖ ដោយសារតែការស្រឡាញ់ វិស័យកីឡាប្រណាំងម៉ូតូ ទើបលោក ឃួន ពីលុត ម្ចាស់ទីតាំងទីលានប្រណាំងម៉ូតូ Super Cross ភ្នំប្រសិទ្ធិ៍មានបំណងចង់បង្កើតនូវវិញ្ញាសាថ្មី១ទៀតសម្រាប់ប្រទេសកម្ពុជាក្នុងចំណោមវិញ្ញាសាសំខាន់ៗចំនួន៣ក្នុង វិស័យកីឡាប្រណាំងម៉ូតូហោះនៅលើពិភពលោកដែលបាននិងកំពុងពេញនិយមនា បច្ចុប្បន្ននេះ ។
តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអតីតកីឡាករប្រណាំងម៉ូតូហោះ លោក ឃួន ពីលុត ចង់សម្រេចនូវក្តីស្រមៃ របស់ខ្លួនបន្ថែមទៀត ដើម្បីទុកជាប្រយោជន៍ ឲ្យក្មេងជំនាន់ក្រោយបានចូលរួមប្រណាំងម៉ូតូហោះ ឬម៉ូតូក្រូស ដូចបណ្តាប្រទេស ដទៃទៀតនៅលើពិភព លោក គឺ វិញ្ញាសា ប្រណាំងម៉ូតូក្រូស ។
តាមការពន្យល់របស់លោក ឃួន ពីលុត បានលើកឡើងថា វិញ្ញាសាម៉ូតូក្រូសមិនសូវ មានគ្រោះថ្នាក់ដូច វិញ្ញាសាម៉ូតូហោះ Super Cross នោះទេ ពីព្រោះស្ថានភាពផ្លូវប្រណាំងម៉ូតូក្រូសមិនសូវមានការលំបាកច្រើន ។ ចំណែកឯវិញ្ញាសា Super Cross វិញគឺជា វិញ្ញសាម៉ូតូហោះភាគច្រើនដែរគេលេងនៅលើអាកាសមានន័យថា វិញ្ញាសាម៉ូតូ Super Cross ស្ថានភាពផ្លូវលំបាកច្រើន ហើយក៏ងាយឲ្យកីឡាករជួបនូវគ្រោះថ្នាក់ច្រើន ប្រសិនបើខ្វះការប្រុងប្រយ័ត្ននោះ។ អតីត អ្នកប្រណាំងម៉ូតូហោះ Super Cross រូប នេះបានធ្វើការអំពាវនាវដល់យុវជនពិសេសកីឡាករប្រណាំងម៉ូតូហោះទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ទាំងមុនពេលធ្វើការហ្វឹកហាត់ក៏ដូចជានៅមុនពេលប្រកួតដោយម្នាក់ៗត្រូវតែពាក់អាវការពារពាក់ ប្រដាប់ការពារកែងដៃនិងជង្គង់ទើបអាច បញ្ចៀសហានិភ័យ ពីគ្រោះថ្នាក់ដួលម៉ូតូជាយថាហេតុណាមួយ។ ជាក់ស្តែងខ្លួនខ្ញុំ ផ្ទាល់បានចូលបន្ទប់សង្គ្រោះបន្ទាន់ដោយសារតែការធ្វេសប្រហែសមួយពេល ទើប បណ្តាលឲ្យខ្ញុំបាត់បង់ឱកាសជិះម៉ូតូប្រណាំង អស់មួយជីវិត ។
លោកពីលុតបន្តទៀតថា ចំពោះគោលបំណងរៀបចំព្រឹត្តិការណ៍ថ្មី លើវិញ្ញាសា ប្រណាំង“ម៉ូតូក្រូសលើកទី១នៅកម្ពុជាលើភ្នំប្រសិទ្ធិ៍នោះ” ខ្ញុំកំពុងស្វែងរកដៃគូឧបត្ថម្ភ ហើយយើងនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះឬក៏ឆ្នាំក្រោយ។ចំណែកឯការប្រណាំងម៉ូតូ Super Cross នឹងធ្វើនៅខែតុលានេះ ។
គួររំលឹកថា លោក ឃួន ពីលុតបានទទួល រងគ្រោះថា្នក់ដួលម៉ូតូក្នុងពេលបង្វឹកហាត់ កូនប្រុសរបស់លោកនៅលើទីលានប្រណាំង ម៉ូតូក្រូសព្រែកលៀបបណ្តាលឲ្យបោកត្រូវដៃចង្កូតបុកចំពោះរងរបួសធ្ងន់ធ្ងររហូត ចូលបន្ទប់សង្រ្គោះបន្ទាន់។ លោក ឃួន ពីលុត គឺជាកីឡាករប្រណាំងម៉ូតូជើងចាស់មួយរូបដែលមានបទពិសោធន៍ច្រើនក្នុងការប្រកួតកន្លងមក ហើយលោកក៏ជាអ្នករៀបចំព្រឹត្តិការប្រណាំងម៉ូតូអ៊ីនយូរ៉ូក្រូស ផងដែរ ៕
ដោយ៖ សារីម