ខេត្តរតនគិរី៖ ក្រុមជនសង្ស័យជាចោរប្លន់៥នាក់ក្នុងចំណោម៧នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាបចាប់ខ្លួនកន្លងទៅដែលគ្រោងរៀបចំប្លន់នៅខេត្តកណ្ដាលតែមិនបានសម្រេចនោះជនសង្ស័យទាំងនេះធ្លាប់បានប្លន់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីយ៉ាងកក្រើកផងដែរ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា ក្រុមជនសង្ស័យជាចោរប្លន់ដែលសមត្ថកិច្ចខេត្តកណ្ដាលចាប់បានកន្លងទៅនេះធ្លាប់បានប្លន់ប្រដាប់អាវុធទៅលើផ្ទះប្រជាពលរដ្ឋប្រមូលយកលុយ និងគ្រឿងអលង្ការចំនួន២ ករណី ។ ករណីទី១-ក្រុមចោរប្លន់ទាំងនេះកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០១៦ បានចូលប្លន់ផ្ទះថៅកែទិញលក់ដំឡូងមី ស្ថិតនៅភូមិ២ ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ នៅ ថ្ងៃប្លន់នោះក្រុមជនសង្ស័យមានបក្ខពួក៤នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លី ព្រមទាំង ដែកស្បែងនិងរថយន្តម៉ាកហាយឡេនឌ័រ១គ្រឿង ចូលភ្ជង់វាយប្លន់ម្ចាស់ផ្ទះប្រមូលយកលុយរួចគេចខ្លួន ។
នៅក្នុងករណីប្លន់នេះបើតាមក្រុមចោរប្លន់បានសារភាពថា ពួកគេបានចែកលុយគ្នាក្នុងម្នាក់ៗបានលុយខ្មែរចំនួន១៣លានរៀល និងលុយដុល្លារ១.៣០០ដុល្លារ ។
ករណីទី២ កាលពីវេលាម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី៧ ខែមីថុនា ឆ្នាំ២០១៦ ក្រុមចោរប្លន់ទាំងនេះបានចូលប្លន់ផ្ទះថៅកែលក់និងទិញដំឡូងមីដូចគ្នា នៅចំណុច អូរទទឹក ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី ដោយក្រុមជនសង្ស័យមានបក្ខពួកចំនួន៥នាក់បានប្រើប្រាស់អាវុធវែងខ្លី និងរថយន្តហាយឡេនឌ័រ១គ្រឿងដូចគ្នានឹងករណីទី១ផងដែរ ។
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះនគរបាលព្រហ្មទណ្ឌនៃនាយកដ្ឋាន ក្រសួងមហាផ្ទៃបានសហការជាមួយ នឹង នគរបាលខេត្តកណ្ដាល ឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ចំនួន៥នាក់ក្នុងចំណោម៧នាក់ខណៈដែលក្រុមជនសង្ស័យជិះរថយន្តមើលទីតាំងដែលពួកគេត្រូវប្លន់។ ក៏ប៉ុន្តែ ដោយសារសមត្ថកិច្ចតាមដានស៊ើបអង្កេតដឹងមុនក៏បានបង្ក្រាបហើយឈានទៅដកហូតអាវុធវែងខ្លីជាច្រើនដើម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
គួរបញ្ជាក់ថា ក្រុមជនសង្ស័យជាចោរ ប្លន់ខាងលើនេះពុំមែនតែធ្វើសកម្មភាពប្លន់យ៉ាងសកម្មនៅខេត្តរតនគិរីប៉ុណ្ណោះទេ តែក្រុមជនសង្ស័យខាងលើនេះចុងក្រោយបានធ្វើសកម្មភាពប្លន់នៅក្នុងខេត្តកំពង់ឆ្នាំង ផងដែរ ៕
ដោយ៖ វុទ្ធឦសាន្ត