ដោយសារតែការធ្វេសប្រហេស និងមិនសូវគោរពទៅតាមបទដ្ឋានសុវត្ថិភាព ធ្វើឲ្យមានគ្រោះថ្នាក់កើតឡើងជាញឹកញ៉ាប់នៅក្នុងប្រទេសចិន ពិសេសក្នុងវិស័យឧស្សាហកម្ម ដូចជាការផ្ទុះឆេះឃ្លាំងស្តុកនៅជានជីន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ សម្លាប់មនុស្ស ១៦៥នាក់និងបំផ្លាញទ្រពសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក។
ការផ្ទុះរោងច័ក្រអគ្គិសនីដើរដោយធ្យូថ្មនាពេលនេះមានមនុស្សស្លាប់យ៉ាងហោចណាស់ ២១នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងគ្រោះថ្នាក់ផ្ទុះឆេះរោងចក្រអគ្គីសនី ដើរដោយធ្យូងថ្មមួយកន្លែងក្នុងខេត្តហ៊ូបី ភាគកណ្តាលប្រទេស។ នេះបើតាមភ្នាក់ងារសារព័ត៌មានផ្លូវការចិនថ្មី ។ សំឡេងផ្ទុះបានលាន់ឮឡើងនៅពេលបាក់រសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មធ្យូងថ្ម ក្រុងដង់យ៉ាង ខេត្តហ៊ូបី ដោយហេតុតែបំពង់បង្ហូរចំណាយ រងសម្ពាធខ្លាំងពេករហូតទាល់តែដាច់។ ក្រុមអ្នកសង្គ្រោះត្រូវបានបញ្ជូនជាបន្ទាន់ទៅកន្លែងកើតហេតុ ហើយប្រតិបត្តិការសង្គ្រោះបានបន្តអូសបន្លាយរហូតដល់យប់។
អាជ្ញាធរបានប្រកាសធានាអះអាងថានឹងបើកអង្កេតដើម្បីរកមូលហេតុដែលនាំឲ្យមានការផ្ទុះដ៏កក្រើកនេះឡើងតែពុំ បានផ្តល់ឬបង្ហើបព័ត៌មានលម្អិតណាមួយឲ្យដឹងទេនៅពេលនេះ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀតបានត្រឹមពាំនាំពាក្យថា ក្នុងចំណោមអ្នករបួសទាំង៥នាក់ មានបីជារបួសធ្ងន់ ហើយក្រុមហ៊ុនឧស្សាហកម្មដើរដោយធ្យូងថ្មនេះក៏មានសកម្មភាពឧស្សាហកម្មជាច្រើនទៀត ដូចជាលក់អគ្គីសនី និងលក់ប្រេង។ គ្រោះថ្នាក់នេះបានកើតឡើងមួយឆ្នាំខ្វះមួយថ្ងៃគត់ក្រោយគ្រោះមហន្តរាយផ្ទុះឃ្លាំងស្តុកសារធាតុគីមី នៅខេត្តជានជីន កាលពីថ្ងៃទី១២ ខែសីហា ២០១៥ ដែលបានរាលដាលជាអគ្គិភ័យ ឆាបឆេះសង្កាត់ជុំវិញ និងសម្លាប់មនុស្សអស់ ១៦៥នាក់ របួសជាង ៧០០នាក់។ មុននេះបន្តិចមនុស្សជាង ១៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មានធ្លាយជាតិគីមីនៅក្នុងរោងចក្រមួយ នៅភាគខាងកើតប្រទេស។ កាលពីខែមេសា មានផ្ទុះឃ្លាំងស្តុកល្បាយគីមីមួយបង្កជាអគ្គិភ័យ ១៦ម៉ោងនិងអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យ៤នាក់។
គ្រោះថ្នាក់ដែលឆ្លុះបញ្ចាំងអំពីចំណាត់ការមិនល្អរបស់រដ្ឋាភិបាលក្រុងប៉េកាំង លើវិស័យសន្តិសុខឧស្សាហកម្ម បានធ្វើឲ្យប្រជាជនចិនស្លុតចិត្តយ៉ាងខ្លាំង។ ជាការពិតជាក់ស្តែងចិនជួបគ្រោះថ្នាក់ឧស្សាហកម្មជាញឹកញយណាស់ នេះក៏ព្រោះចិនមិនសូវអើពើនឹងការពង្រឹងបទដ្ឋានសុវត្ថិភាពផង និងធ្មេចភ្នែកពេលត្រួតពិនិត្យផង ដោយអាជ្ញាធរត្រូវរ៉ូវ ឬពុករលួយជាមួយក្រុមហ៊ុន៕
ប្រែសម្រួល៖ ម៉ែវ សាធី