អ្នកនាំពាក្យក្រសួង​សាធារណការ​៖ ការបញ្ជាទិញទូរថភ្លើងដឹកទំនិញថ្មី​ ៦០គ្រឿងបន្ថែមពីប្រទេសចិន គឺដើម្បីបំពេញតម្រូវការ និងបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែក​ មានសមត្ថភាពអាចផ្ទុកទំនិញបានជាង ៣ ៨០០តោន

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការបញ្ជាទិញទូររថភ្លើងថ្មីចំនួន ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន​ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា Royal Railway Cambodia(RRC) គឺដើម្បីបំពេញតម្រូវការកំពុងតែមានកំណើនជាវិជ្ជាមាន និងជួយបង្កើនសមត្ថភាពសេវាដឹកជញ្ជូនទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរឆ្ពោះទៅកាន់កំពង់ផែសមុទ្រក្នុងក្រុងព្រះសីហនុ ដើម្បីនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ។

ជាក់ស្ដែង​យោង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា បានប្រកាសអំពីកាតស្វាគមន៍សមាជិកថ្មីទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អប្រសើរជាងមុន។ ទូរថភ្លើងទាំងនេះបានមកដល់នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ និងបានលើកចុះពីនាវា​ កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤​ ប្រកបដោយ​ដោយជោគជ័យ។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ ការនាំចូលទូររថភ្លើងសម្រាប់ដឹកទំនិញថ្មីបន្ថែមជាច្រើនគ្រឿងនេះ គឺដើម្បីបំពេញតម្រូវការ និងបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀត​ថា ៖«ចំពោះការដាក់ឱ្យប្រើប្រាស់នៅថ្ងៃណានោះ ក្រុម Royal Railway Cambodia(RRC)នឹងប្រកាសតាមបណ្តាញផ្សព្វផ្សាយផ្ទាល់របស់ក្រុមហ៊ុន។​ ទូររថភ្លើងសម្រាប់ដឹកទំនិញថ្មីទាំង៦០គ្រឿងនេះ មានសមត្ថភាពអាចផ្ទុកទំនិញបានជាង ៣ ៨០០តោន»។

បន្ថែមពីនេះ​ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានបន្តទៀតថា រថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន​ រ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់។ រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិន ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា សរសេរយ៉ាងដូច្នេះថា៖ «ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះនឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជា សម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។ មុននឹងដាក់ឱ្យដំណើរការសេវកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន»។

ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះគឺបានឆ្លុះបញ្ចាំងពីតម្រូវការខ្ពស់លើសេវាដឹកជញ្ជូនទំនិញតាមរថភ្លើងទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តព្រះសីហនុ។

...

ក្រុមហ៊ុននេះ​ បានសង្កត់ធ្ងន់ថា​ ទូរថភ្លើងដឹកទំនិញដែលនាំចូលមកថ្មីនេះនឹងត្រូវដាក់ដំណើរការអាជីវកម្មភ្លាម បន្ទាប់ពីធ្វើការត្រួតពិនិត្យលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពរួច ហើយ ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print