ភ្នំពេញ ៖ ក្រុមនារីបាល់ទាត់កម្ពុជា បានឡើងវគ្គផ្តាច់ព្រ័ត្រពាន AFF Women’s Cup ជាប្រវត្តិសាស្រ្តលើកដំបូង ! ក្រុមជម្រើសជាតិនារីកម្ពុជាបានរួមគ្នា បង្កើត ប្រវត្តិសាស្រ្តថ្មីមួយទៀត តាមរយៈការ ដណ្តើមបាន ឱកាសឡើងទៅកាន់វគ្គផ្តាច់ ព្រ័ត្រក្នុងការប្រកួតពានរង្វាន់ជើងឯកនារី អាស៊ានឆ្នាំ២០២៤ (AFF Women’s Cup) ជាលើកដំបូងដែលធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលនិងកោតសរសើរខ្លាំងចំពោះការ ប្រឹងប្រែងរបស់ក្រុមមួយនេះ។
ការបង្កើតប្រវត្តិសាស្រ្តថ្មីនេះ គឺបន្ទាប់ពីក្រុម ជម្រើសជាតិនារីកម្ពុជាបានយកឈ្នះ លើ ក្រុមជម្រើសជាតិនារីទីម័រខាងកើតដោយ លទ្ធផល ៣-០ ក្នុងការប្រកួតវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋាន New Laos National Stadium ប្រទេសឡាវ កាលពីល្ងាចថ្ងៃចន្ទ ហើយគ្រាប់បាល់ទាំង ៣ នេះរកបានដោយកីឡាការិនី សឿន វិផា និង ពឿន គន្ធា មកពីក្លិបបាល់ទាត់ភ្នំពេញ ក្រោន។
តាមរយៈការប្រកួតនោះ ខ្សែប្រយុទ្ធ សឿន វិផា ជាអ្នករកបានគ្រាប់បាល់ទី១ឱ្យ ក្រុម ជម្រើសជាតិកម្ពុជា តាមរយៈការស៊ុតបាល់ ពិន័យ ១១ម៉ែត្របានសម្រេច នៅនាទីទី ៣៦ ហើយការទទួលបានបាល់ពិន័យនេះ ដោយសារខ្សែការពារ របស់ទីម័រ ខាងកើត បានចាប់ទាញ វិផា ឱ្យដួលក្នុងពេលដែល កីឡាការិនីរបស់កម្ពុជារូបនេះ បានព្យាយាម អូសបាល់ចូលតំបន់គ្រោះថ្នាក់ពីការបញ្ជូន បាល់ខ្លីរបស់ ហេង សុវណ្ណមុនី។
បន្ថែមលើគ្រាប់បាល់នាំមុខ ១-០ នេះខ្សែ ប្រយុទ្ធមកពីក្លិបភ្នំពេញក្រោន ពឿន គន្ធា ដែលដាក់ឱ្យចូលលេងនៅក្នុងតង់ទី២ បាន ធ្វើឱ្យគ្រប់គ្នាកាន់តែមានការភ្ញាក់ផ្អើលពីការ រកបាន២គ្រាប់តែម្នាក់ឯង របស់នាងដោយ គ្រាប់បាល់ដំបូងជាការទាត់បាល់ធ្លាក់ មិនទាន់ដល់ដីបញ្ចូលទី ពីការលើកទម្លាក់ ចូលក្នុងតំបន់គ្រោះថ្នាក់របស់ ហុក សៅឌី នៅនាទៅទីទី ៧៣ ហើយ ១គ្រាប់ ទៀតជាការស៊ុតបាល់ចេញពីជ្រុង គំនូសសខាង ឆ្វេងបញ្ចូលទីបានយ៉ាងល្អបំផុតនៅនាទីទី ៩០។
ការរកបាន២គ្រាប់ បន្ថែមរបស់ ពឿន គន្ធា បានផ្តល់នូវជោគជ័យយ៉ាងធំធេងបំផុត ដល់ ក្រុមជម្រើសជាតិនារីកម្ពុជា លើ ក្រុមជម្រើសជាតិនារីទីម័រខាងកើតដើម្បី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង ហើយ គន្ធា ក៏កំពុងឈរលើគន្លងអាចឈ្នះ បានស្បែកជើងមាសផងដែរ ព្រោះគិតត្រឹម ពេលនេះ គន្ធា រកបាន៣គ្រាប់ច្រើនជាងគេ ហើយតាមពី ក្រោយដោយ កីឡាការិនី របស់ ឥណ្ឌូនេស៊ី Claudia Scheunemann ដែលរកបាន២គ្រាប់។សម្រាប់ការដណ្តើមបានឱកាស ឡើងទៅ កាន់វគ្គផ្តាច់ព្រ័ត្រនេះបានធ្វើឱ្យគ្រប់គ្នា នៅក្នុងវិស័យបាល់ទាត់ និងអ្នកគាំទ្រ មានការ ភ្ញាក់ផ្អើលនិង កោតសរសើរខ្លាំង ពីការធ្វើបាន យ៉ាងល្អ របស់ក្រុមជម្រើសជាតិនារីកម្ពុជា ហើយសហព័ន្ធកីឡាបាល់ ទាត់កម្ពុជាបានចាត់ទុក ជ័យជម្នះនេះថា ជា ការបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ក្រុមបាល់ ទាត់នារីកម្ពុជា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះ សារលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន បែបនេះថា៖ «អបអរសាទរក្រុមជម្រើស ជាតិនារីកម្ពុជាបានឡើងទៅកាន់ “វគ្គផ្ដាច់ព្រ័ត្រ” ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក្នុងការប្រកួតពានរង្វាន់ AFF Women’s Cup 2024»។
ចំណែកអតីតខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់ ក្រុមជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី ដែល ត្រូវបានតែងតាំងជាគ្រូ បង្គោល ក្រុមជម្រើសជាតិនារីកម្ពុជា សម្រាប់ការ ប្រកួត ពាន AFF Women’s Cup 2024នេះបានសម្តែងការរីករាយខ្លាំង ចំពោះការដឹកនាំក្រុមនារីកម្ពុជាឡើងទៅ ដល់វគ្គផ្តាច់ព្រ័ត្រនេះ។
អរគុណដល់កីឡាការិនីឆ្នើមទាំងអស់របស់ ខ្ញុំនិងបុគ្គលិកបង្វឹករបស់ ខ្ញុំ! យើងរួមគ្នាធ្វើ ឱ្យរឿងនេះកើតឡើង»។ នេះជាការបង្ហោះសារយ៉ាងខ្លីរបស់គ្រូបង្វឹក ឃួន ឡាបូរ៉ាវី ហើយលោកក៏បានបង្ហាញពីមហិច្ឆតាក្នុងការ ដឹកនាំក្រុមនារីកម្ពុជា ឱ្យឈ្នះពាន AFF Women’s Cup 2024 នេះផងដែរ។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងប្រកួតផ្តាច់ព្រ័ត្រជាមួយ ក្រុម ជម្រើសជាតិនារីឥណ្ឌូនេស៊ី ដែលបានយក ឈ្នះក្រុមជម្រើសជាតិនារី សិង្ហបុរី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-០ ដូចគ្នា ហើយជំនួបនេះនឹងធ្វើនៅ National Stadium KM16 នាម៉ោង ៧:៣០យប់ ថ្ងៃទី ៥ ខែធ្នូ នេះខណៈការជួបគ្នានៅវគ្គជម្រុះក្នុងពូលក្រុមនារីកម្ពុជា និងក្រុមនារីឥណ្ឌូនេស៊ីបានស្មើគ្នា ០-០។ រីឯ ក្រុមនារីទីម័រខាងកើតនិង ក្រុមនារីសិង្ហបុរី ក៏ត្រូវប្រកួតគ្នាដណ្តើមយកលេខ៣ នាថ្ងៃ ព្រហស្បតិ៍នោះផងដែរ។
សូមរម្លឹកថា ៖ កីឡាការិនី ពឿន គន្ធា មិនមែនទើបតែបង្ហាញគុណលេងល្អក្នុងពានរង្វាន់ AFF Women’s Cup 2024 នេះទេ។
ចេញពីសាលាតម្រង់ទិសខេត្តបាត់ដំបងកាលពីឆ្នាំ២០១៩/២០ តែងតែលេចធ្លោជាងគេក្នុងក្រុមខេត្តបាត់ដំបង ជាមួយយ៉ុន យ៉ើន របស់ខេត្តកំពង់ស្ពឺ និងអតីតកីឡាការិនីភ្នំពេញក្រោន បាន ជាវៃ(មកពីបាត់ដំបងដូចគ្នា តែចូលរួមភ្នំពេញក្រោនមុន)។
ក្នុងលីគនារីកាលពីឆ្នាំ២០២០ យុវតីរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អ និងទាត់បញ្ចូលទី៧គ្រាប់ម្នាក់ឯង ក្នុងការប្រកួតជាមួយក្រុមខេត្តកំពង់ធំ ហើយកាលនោះត្រឹម៣ប្រកួតប៉ុណ្ណោះ នាងបានទាត់បាល់បញ្ចូលទីសរុប ១២ គ្រាប់ទៅហើយ។
មិនមានស្ថិតិច្រើនទេ សម្រាប់ការប្រកួតលីគនារីកាលនោះ ខណៈដែលក្រោយៗមក ដោយសារ កូវីដ១៩ ផង គ្មានម្ចាស់ឧបត្ថម្ភផង លីគនារីក៏រប៉ាត់រប៉ាយ ម្ដងលេងម្ដងអត់មកដល់បច្ចុប្បន្ន។
ក្រោយមកក៏បានចូលរួមជាមួយក្រុមនារីភ្នំពេញក្រោន យុវតីរូបនេះនៅតែលេងបានល្អរហូតដល់ជាតួអង្គសំខាន់ម្នាក់ក្នុងឈុតស៊ីហ្គេម ២០២៣ ដែលឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នាងបានសម្រេចបាល់ប៉េណាល់ទីដែលជាគ្រាប់បាល់ជ័យជម្នះលើ ក្រុមនារីសិង្ហបុរី ជាទុនឱ្យឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គិតមកដល់បច្ចុប្បន្ន កីឡាការិនីវ័យ ២២ ឆ្នាំរូបនេះ ក្លាយជាអ្នកបង្ហាញខ្លួនបានច្រើនជាងគេ(១១ដង) ក្នុងជម្រើសជាតិនារីដោយស៊ុតបញ្ចូលទី ៤?គ្រាប់ជាផ្លូវការ។ គុណភាពរបស់នាងគឺ កម្លាំងរត់ ការបញ្ចប់ទីច្បាស់ និងពូកែបាល់រៀបចំ (Set Piece)។
សូមជម្រាបជូនថា ៖ ស្អែកនេះ កុំភ្លេចតាមដានទាំងអស់គ្នា សង្ឃឹមថា កម្ពុជាលើកពានជាប្រវត្តិសាស្ត្រ ។
🇰🇭 កម្ពុជា 🆚 ឥណ្ឌូនេស៊ី 🇮🇩
🗓 ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤
⏰ វេលាម៉ោង ៧:៣០នាទីយប់
🏟 New Laos National Stadium
“ទាំងអស់គ្នាដើម្បីកម្ពុជា” ៕
ដោយ ៖ សិលា