ភ្នំពេញ៖ រដ្ឋបាលរាជធានី និងក្រសួងសាធារណការ បន្តបើកកិច្ចប្រជុំលើគម្រោងបន្ដគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ បន្ទាប់ពីគម្រោងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជំហានទី១ បានអនុវត្ត បញ្ចប់ទៅដោយជោគជ័យកាលពីឆ្នាំ២០២៣ ហើយពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ និងបន្ដគម្រោងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ជំហានទី២នៅឆ្នាំ២០២៥ ។
កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២បាន ធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធីបតីភាព ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ,ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។
ចូលរួមក្នុងឱកាសនោះដែរមានលោក គូរីបាយ៉ាស៊ី តាកាណូរី លេខាទូតទី១ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា លោកចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនា យកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ នៃក្រសួងសា ធារណការ និងដឹកជញ្ជូននិង លោកស្រី មីអូរ៉ា យូស្ស៊ីកូ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។
ឯកឧត្ដម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឈានដល់កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែល អនុញ្ញាតឱ្យប្រទេសទាំងពីរពង្រឹងកិច្ចសហការលើគ្រប់វិស័យដូចជា កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន វិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល វិស័យសន្តិសុខ សុវត្ថិភាពសង្គម ដូចជាការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ចាប់ពីជំហានទី១ រហូតដល់ ជំហានទី៤ ដែលជាជំនួយឥតសំណង ព្រមទាំងបានផ្តល់ការសិក្សាសមិទ្ធិលទ្ធភាពជំហានទី៥ ដែល ទើបនឹងបញ្ចប់សេចក្តីព្រាងរបាយការណ៍ចុងក្រោយនាពេលថ្មីៗនេះ។
ឯកឧត្ដម ឯក ឃុនដឿន បានបន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានអនុវត្ត គម្រោងអភិវឌ្ឍន៍សមត្ថភាព រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណ ការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ជំហានទី២ គឺជាគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសដើម្បីគាំទ្រប្រតិបត្តិការបច្ចេកទេសដើម្បីជំរុញ ដល់ការរៀបចំនិងការប្រព្រឹត្តទៅនៃការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
គម្រោងអភិវឌ្ឍន៍សមត្ថភាពរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នេះ គឺបានអនុវត្ត ប្រកបដោយជោគជ័យជាផ្លែផ្កាកាលពីជំហានទី១ ដែលបានអនុវត្តកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណង គម្រោងអភិវឌ្ឍន៍ប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ គាំទ្រដោយ JICA បានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២៣កន្លងទៅ (ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និង ចំណាយទឹកប្រាក់ប្រមាណ ២៥លានដុល្លារសហ រដ្ឋអាមេរិក។
ឯកឧត្ដម ឯក ឃុនដឿន បានបញ្ជាក់ថា៖ គោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីបង្កើតគណៈកម្មការសម្របសម្រួលរួម និងគណៈកម្មការបច្ចេកទេស បញ្ជាក់និងអនុម័តលើការរចនាគម្រោងលម្អិត និងដើម្បីអនុម័តលើផែនការអនុវត្តការងាររយៈពេលមួយឆ្នាំ ហើយកិច្ចប្រជុំនេះធ្វើឡើងដើម្បីអោយក្រុមការងារគម្រោងចូលរួមជាមតិយោបល់ បានជាធាតុចូលនិងចំណេះដឹង ដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែប្រសើរ និងទទួលបានផ្លែផ្កា។
ឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក្នុងគ្រប់គ្រងអនាម័យ ពិសេសការគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ដើរអោយទាន់កាលៈ ទេសៈបច្ចុប្បន្ន។ យើងដឹងហើយថា ក្រោយបញ្ចប់សង្រ្កាមប្រទេសកម្ពុជាបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅផ្នែកលើដី ហើយការអភិវឌ្ឍនៅក្រោមដី ដូចជាប្រព័ន្ធលូ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ យើងបានកំពុងអភិវឌ្ឍន៍ ប៉ុន្តែអ្វីដែលជាបញ្ហា គឺធនធានមនុស្សក្នុងការគ្រប់គ្រង នៅមានកំរិត ដែលទៀមទាអោយមានការបណ្តុះបណ្តាល ពិសេសគឺការពង្រឹងសមត្ថភាពលើការគ្រប់គ្រងប្រព័ន្ធអនាម័យ អោយត្រូវតាមលក្ខណបច្ចេកទេស៕ ដោយ៖ សំរិត