ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈកម្ពុជា អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរហូតដល់១៥% ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណា ចក្រកម្ពុជាបានថយឥទ្ធិពល។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ខ្យល់បក់មក ពីទិសឦសាននិងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ក្រចេះ តំបន់ជួរ ភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី៥%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕ដោយ៖តារា