ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីចំនួន២កន្លែងត្រូវបានកម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅចុះបង្ក្រាប ក្នុងពេលតែមួយកាលពីរសៀលថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចសហគមន៍ភូមិអណ្តូង៣ សង្កាត់គោករកា និងទី២នៅទីតាំងលក់កាហ្វេ តាមបណ្តោយផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិ ឌួង សង្កាត់-ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី និងទូបាញ់ពង់នោះ មានការចូលរួមដឹកនាំដោយលោក ខុន វាសនា ប្រធាន ការិយាល័យអន្តរវិស័យរបស់សាលាខណ្ឌព្រែកព្នៅ និងលោក មាស សំបូ ប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ រួមទាំងមន្ត្រីក្រោមឱវាទផងដែរ ដោយមានការដកហូតបានទូហ្គេមបាញ់ត្រីចំនួន ២ទូ និងទូហ្គេមវាយពង់បានចំនួន ៤ទូផងដែរ។
ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលបានប្រកាសដល់មន្ត្រីថ្នាក់ក្រោមទាំងប្រទេសអោយអនុវត្តអោយបាននូវគោលការណ៍៩ចំណុចគឺ ភូមិ-សង្កាត់ មានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលប់បំបាត់អោយអស់ អំពើចោរកម្ម ការប្រមូលផ្តុំបងតូចបងធំ ជាពិសេសការប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។
លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងទប់ស្កាត់មិនអោយមានល្បែងស៊ីសង បងតូច បងធំ ឬការប្រើប្រាស់ក៏ដូចជាជួញដូរថ្នាំញៀននៅតាមមូលដ្ឋាន ហើយបើមានត្រូវចាប់យកអោយនិងចាប់ម្ចាស់ទីតាំងយកមកធ្វើការអប់រំ ឬបញ្ឈប់ការធ្វើអាជីវកម្ម បើមិនរាងចាលចាប់ក៏សាងសំណុំរឿងបញ្ជូនទៅទៅតុលាការចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នទូហ្គេមបាញ់ត្រី និងទូហ្គេមវាយពង់ ត្រូវប្រមូលយកមករក្សាទុកនៅសាលាខណ្ឌព្រែកព្នៅរង់ចាំបញ្ជាពីលោកសុខ សម្បត្តិអភិបាលខណ្ឌធ្វើការវាយកំទេចចោលផងដែរ៕
ព្រែកជ័យ