ខេត្តស្វាយរៀង ៖ អ្នកចិញ្ចឹមសត្វទា សប្បាយចិត្ត បន្ទាប់ពីពងទា មានទីផ្សារនិងមានតម្រូវការខ្ពស់
នៅស្រុកស្វាយជ្រំ។
យោងតាម បុរសម្នាក់ ជាអ្នកចិញ្ចឹមទាបានប្រាប់អ្នកសារព័ត៌មានថា គាត់រស់នៅភូមិ ស្វាយធំឃុំស្វាយធំ ស្រុកស្វាយជ្រំ បានចិញ្ចឹមសត្វទាយកពងចំនួន១,៤០០ក្បាល ដោយចិញ្ចឹមបន្លាស់ទី រយៈពេល០៩ខែមកហើយ គឺនៅពេលណាមានគេច្រូតស្រូវ ត្រូវដឹកទាតាមរថយន្តយកទៅឲ្យទារើសគួស្រូវជាចំណីស៊ី និងត្រូវរកស្រែដែលមានទឹក ឲ្យទារកចំណីដូចជាត្រីក្តាមឬខ្យងខ្ចៅ ជាចំណី ហើយនៅពេលល្ងាចក៏មានបន្ថែមចំណីគ្រាប់ផងដែរ។
លោកបន្តថា ក្នុងទា១,៤០០ក្បាលនេះ គឺបានចាប់ផ្តើមពង ពីអំឡុងអាយុ៦ខែ មក០៩ខែ ពងជាមធ្យមបាន៦០០ទៅ៩០០ពង ក្នុង១យប់ ដូច្នេះអាចរកចំណូលបានល្អប្រសើរ បើសត្វទា មិនមានជំងឺ ។ អ្នកចិញ្ចឹមទា បានលើកឡើងនេះ នៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី០៦ ធ្នូ ២០២៤ នៅ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ។
ប្រភពលើកឡើងថា ការចិញ្ចឹមទាបានជោគជ័យ គឺត្រូវចិញ្ចឹមប្រដេញគ្នា ជាពិសេស ពេលសត្វទា ពេញវ័យពងចំពេលខែច្រូតស្រូវរដូវវស្សាសត្វទាសំបូរចំណី យើងគៀងឲ្យទាចុះរកស៊ីចំណីធម្មជាតិ សត្វទាពងច្រើន មិនប្រើចំណីទិញគេច្រើនគ្រាន់តែឲ្យចំណីស្រូវ កន្ទក់ឬចំណីគ្រាប់បន្តិចបន្តួច ប្រើប្រាស់ថវិកាតិចតួច បើរដូវប្រាំង មានការពិបាករកចំណីបន្តិចគឺត្រូវដឹកទាតាមរថយន្តដើររក ស្រែប្រាំងគេទើបតែច្រូត និងរកស្រែដែលមានទឹក និងប្រឡាយទឹកសម្រាប់ទារកចំណីនិងទឹកហែលលេងផង ទើបសុខភាពទាល្អនិងពង បាន៧០% ទៅ៨០%បើឲ្យចំណីមិនដិតដល់បង្កឲ្យមានជម្ងឺងាប់គឺពិតជាខាតទុន៕
ដោយ៖ សុថាន