រឿង÷ ពេលដែលម៉ែឃ្លាតទៅ! (ត)

ចែករំលែក៖

ឡានរបស់ខ្ញុំរុលទៅមុខបានបន្តិច ស្រាប់តែឮសំឡេងកញ្ចែផ្លុំច្រេកៗបញ្ជាឲ្យរថយន្តចុះចតនៅលើវាលស្រែ ។ ខ្ញុំក្រឡេកមើលទៅឃើញសុទ្ធតែឡាន ម៉ូតូ កង់ច្រើនណាស់ចតតម្រៀបគ្នា។ ឪពុករបស់ខ្ញុំឈប់ឡានភ្លាមក៏រត់ទៅរកពូដែលមានរ៉ឺម៉កដើម្បីគិតគូរពីការរៀបចំដាក់សម្ភារៈ។ ខ្ញុំចុះពីលើឡានជាមួយម្ដាយរបស់ខ្ញុំហើយបានឃើញសកម្មភាពជ្រួលច្របល់ខុសពីធម្មតា។សំឡេងស្រែកយំរបស់កុមារតូចៗនៅក្រោមកម្ដៅថ្ងៃ សំឡេងស្រែកហៅរកគ្នាលាយឡំនឹងសំឡេងនិយាយរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់រកស្ដាប់អ្វីមិនឮ។ ឪពុករបស់ខ្ញុំត្រឡប់មកវិញយ៉ាងរួសរាន់មកបើកទ្វារឡានដើម្បីរើយកអីវ៉ាន់ចេញទៅដាក់លើរ៉ឺម៉ក។

ឪពុករបស់ខ្ញុំនិយាយថា តោះឯងរៀបចំប្រញាប់ចេញទៅ អង្ករយើងផ្ញើជាមួយរ៉ឺម៉កអាសុខ។ចំណែករបស់របរដទៃទៀតយើងកាន់ខ្លួនយើងមើលរបស់ណាស្រាលៗឲ្យកូនជួយយកខ្លះទៅ ។ ពេលឪពុករបស់ខ្ញុំនិយាយចប់ម្ដាយរបស់ខ្ញុំក៏ហុចកំសៀវទឹកមួយឱ្យខ្ញុំជួយកាន់ហើយប្រាប់ថា ឲ្យខ្ញុំស្ពាយកាបូបមួយឲ្យជាប់នឹងខ្លួន។ ប្អូនរបស់ខ្ញុំក៏ស្ពាយកាបូបមួយដែរយើងយកតែរបស់ចាំបាច់សម្រាប់ហូបនិងប្រើប្រាស់ប្រចាំថ្ងៃបន្តិចបន្តួចតាមខ្លួនតែប៉ុណ្ណោះ។ទីបំផុតយើងត្រូវធ្វើដំណើរដោយថ្មើរជើងទាំងអស់គ្នា។ ក្រុមគ្រួសារខ្លះរែកអីវ៉ាន់ខ្លះ ទូលខ្លះ លីខ្លះ ខ្លះមានរទេះដាក់រុញហើយខ្លះទៀតដាក់ឪពុកម្ដាយជរាលើរទេះអូស។គ្រប់រូបភាពទាំងអស់បានកើតមានឡើងនៅពេលជម្លៀសនេះ។ ខ្ញុំយកកំសៀវទឹកយួរ យួរយូរកាន់តែធ្ងន់ឡើងៗ រួចខ្ញុំក៏លួចបើកគម្របកំសៀវមើលឃើញមានស្លាបព្រា សម ចង្កឹះ ឡើងកន្លះកំសៀវ តែខ្ញុំមិនហ៊ានបោះចោលទេសុខចិត្តទ្រាំយួរផង លីផង ។ យើងចេះតែបន្តដំណើររហូតដល់មេឃធ្លាក់ពន្លឺ ស្រាប់តែមានភ្លៀងមួយមេយ៉ាងធំ។ មេឃប្រែជាងងឹតស្ដុបរកមើលអ្វីមិនយល់ ឮតែសំឡេងស្រែករកកូនចៅ ។ ភ្លៀងធ្លាក់ជោកជាំដី យើងមើលអ្វីមិនឃើញឡើយ សំឡេងស្រែកថ្ងូររបស់មនុស្សចាស់ក៏លាន់ឡើងដោយសាររអិលដួល។
សំឡេងស្រែកថ្ងូរពោរពេញទៅដោយការឈឺចាប់បែបនេះខ្ញុំពុំធ្លាប់បានឮទេ។ ពេលនេះខ្ញុំមានការភិតភ័យនិងសង្វេគក្នុងចិត្តជាខ្លាំង។ ខ្ញុំកំពុងតែគិតពិចារណាអំពីរឿងទាំងនេះ ស្រាប់តែឮសំឡេង” ង៉ាៗ ” ដោយការឈឺចាប់ដែលជាសំឡេងទារកស្រែកយំ។ ពុទ្ធោអើយ! នេះប្រហែលជាផ្លូវទៅកាន់ឋាននរកទេដឹង? ខ្ញុំកាន់ដៃបងប្អូនរបស់ខ្ញុំជាប់មិនហ៊ានឲ្យរបូតទេ។ចំណែកឯម្ដាយរបស់ខ្ញុំវិញ ពប្អូនស្រីរបស់ខ្ញុំដែលទើបមានអាយុជាងមួយឆ្នាំ។ ឪពុករបស់ខ្ញុំទៅជួយរុញរ៉ឺម៉កពូសុខ។ កាន់ដៃបងប្អូនឲ្យជាប់កុំឲ្យរបូតណា ម៉ាក់មើលមិនឃើញទេ ! ម្តាយខ្ញុំស្រែកប្រាប់ប៉ុន្តែកំពុងតែដើរស្ទាបៗស្រាប់តែឮសូរព្រូស ។ អូយបងជួយខ្ញុំផង ! ប្អូនរបស់ខ្ញុំស្រែក ។ឮសំឡេងប្អូនរបស់ខ្ញុំស្រែកដូច្នោះខ្ញុំស្ទុះទាំងងងឹតស្លុងរាវរកប្អូនស្រាប់តែខ្ញុំរអិលជើងដួលធ្លាក់ចូលទៅក្នុងភក់ដែរ។ យើងដើរទាំងងងឹតស្លុងរហូតដល់កន្លែងដែលកងទ័ពឱ្យឈប់សម្រាកទើបឃើញមានភ្លើងដុតបំពក់ភ្លឺព្រោងព្រាត។ កងទ័ពអនុញ្ញាតឲ្យយើងសម្រាកនៅទីនោះមួយយប់។
លុះព្រឹកឡើងមនុស្សឈរត្រៀបត្រាមិនទាន់ដឹងថាទៅណាមកណានៅឡើយទេ។ ម៉ោងប្រហែល 9 ព្រឹកទើបឃើញពូម្នាក់ស្លៀកពាក់ខោអាវខ្មៅមកបែងចែកឲ្យយើងទៅតាមទិសដៅផ្សេងៗគ្នា។ ខ្ញុំឃើញឪពុករបស់ខ្ញុំរែកថង់អង្ករពីរថង់ព្រោះកងទ័ពឱ្យពូសុខ។ធ្វើដំណើរទៅកន្លែងផ្សេងពីយើង។កងទ័ពលែងឱ្យយើងយកកន្ទុយរ៉ឺម៉កទៅជាមួយទៀត ។ ពេលយើងទៅដល់ទីតាំងមួយដីរាងទួលបន្តិចខ្ញុំឃើញមានតែរោងមួយធំ តែខ្ញុំមិនដឹងថាជារោងអ្វីទេ។ កងទ័ពឱ្យយើងឈប់សម្រាកនៅទីនោះ។ លុះស្អែកឡើងខ្ញុំឃើញឪពុករបស់ខ្ញុំទៅកាប់បានកូនឈើយកមកធ្វើកូនខ្ទមតូចមួយដើម្បីស្នាក់នៅ។ ជីវិតរបស់ខ្ញុំនិងក្រុមគ្រួសារព្រមទាំងប្រជាជនទាំងអស់ត្រូវបានផ្លាស់ប្ដូរជីវភាពទាំងស្រុងចាប់តាំងពីពេលនោះមក។ ក្រោយមកអ្នកដឹកនាំនៅទីនោះបានប្រមូលប្រជាជនឲ្យទៅចូលរួមប្រជុំ ដើម្បីទទួលយកការផ្សព្វផ្សាយព័ត៌មានពីរបបដឹកនាំថ្មី។ មនុស្សប្រុសម្នាក់ចំណាស់បន្តិចគេហៅគាត់ថា គណៈកងបានងើបឈរឡើងហើយនិយាយថា៖ បងប្អូនទាំងអស់គ្នា ថ្ងៃនេះយើងបានមកជួបជុំគ្នានៅទីនេះគឺនៅក្នុងភូមិអន្លង់មៀន។ យើងខ្ញុំបានធ្វើការតស៊ូខ្លាំងក្លាណាស់ទម្រាំអាចវាយផ្ដួលរំលំរបបសក្តិភូមិ នាយទុន ប្រតិកិរិយាវណ្ណៈជិះជាន់ បាន។ ដូច្នេះយើងខ្ញុំសង្ឃឹមថា បងប្អូនអ្នកចំណូលថ្មីទាំងអស់និងរួបរួមគ្នាដើម្បីកសាងបដិវត្តន៍យើងឲ្យបានរុងរឿង ថ្កុំថ្កើងទៅមុខជានិច្ច ហើយចាប់ពីថ្ងៃនេះតទៅយើងមានវណ្ណៈកសិករតែមួយគត់ គ្មានវណ្ណៈជិះជាន់ គ្មានអ្នកមាន គ្មានអ្នកក្រទេ គឺយើងរស់នៅដោយស្មើភាពគ្នា ជយោបដិវត្តន៍ដ៏រុងរឿង ! ។ សំឡេងទះដៃលាន់ឮព្រមៗគ្នាឡើងកងរំពងមួយរំពេច ហើយកងទ័ពអាវខ្មៅនោះក៏និយាយបន្តទៀតថាដូច្នេះសូមបងប្អូនប្រមូលទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិសួនតួ ទាំងអស់មកប្រគល់ជូនអង្គការយើងដើម្បីទុកជាសម្បត្តិរួម ហើយចាប់ពីថ្ងៃស្អែកនេះតទៅបងប្អូននឹងមកហូបបាយរួមគ្នានៅរោងបាយមួយនោះ(គាត់លើកដៃចង្អុលទៅរោងធំមួយ) នៅពេលឮសំឡេងវាយជួងគ្រប់បីដង។ ដូច្នេះសូមបងប្អូនទៅយករបស់របរដែលមានទាំងប៉ុន្មានយកមកប្រគល់ជូនអង្គការឥឡូវនេះភ្លាម បើនរណាប្រមូលមិនទាន់ យកមកប្រគល់ថ្ងៃស្អែកក៏បាន ។

...

មិនទាន់ចប់ការប្រជុំផង អ្នកខ្លះទៅយកអីវ៉ាន់មកប្រគល់ឲ្យគេរួមមានឆ្នាំងបាយ អង្ករ សម្លៀកបំពាក់ លុយកាក់មាសប្រាក់ រូបថតក្រុមគ្រួសារក៏មាន ព្រមទាំងឯកសារផ្សេងៗទៀត។ ម្ដាយរបស់ខ្ញុំក៏ទៅយករបស់របរមួយចំនួនមកឲ្យគេដែរ។ប៉ុន្តែខ្ញុំពុំឃើញម្ដាយរបស់ខ្ញុំយកមាសឬប្រាក់កាសអ្វីមកឡើយ។ក្រោយមកទាំងខ្មែរក្រហមនិងប្រជាជនចាប់ផ្ដើមប្រើភាសាប្លែកៗដែលខ្ញុំមិនដែលធ្លាប់ឮនឹងបានរៀនកន្លងមកទេដូចជាពាក្យថា សមមិត្ត សមមិត្តនារី មិត្តបង កងឈ្លប គណៈតំបន់ គណៈសហករណ៍ មេកង និងមេក្រុមជាដើម។
ថ្ងៃស្អែកជាថ្ងៃថ្មី ព្រឹកព្រលឹមស្រាងៗ កងឈ្លបអាវខ្មៅចាប់ផ្ដើមដើរចូលមកមើលតាមផ្ទះ។ ខ្ញុំឃ្លានណាស់ព្រោះម្ដាយរបស់ខ្ញុំធ្លាប់ចម្អិនអាហារឲ្យញ៉ាំជារៀងរាល់ព្រឹកមុននឹងទៅសាលារៀន។ ប៉ុន្តែឥឡូវនេះពោះទទេ រីឯប្អូនតូចៗរបស់ខ្ញុំធ្វើមុខក្រៀមក្រំដោយក្តីស្រេកឃ្លាន។ ការផ្លាស់ប្ដូរដ៏ឆាប់រហ័សបែបនេះពិបាកនឹងទទួលយកណាស់។ កងឈ្លបចេញផុតពីផ្ទះរបស់ខ្ញុំបានបន្តិចស្រាប់តែខ្ញុំឮសុំលេងស្រែកអង្វររបស់ស្ត្រីម្នាក់ថា មិត្តបងសូមអាណិតមេត្តាផង កូនរបស់ខ្ញុំនៅតូចវាឃ្លាន វាមិនអាចទ្រាំបាន ខ្ញុំមនុស្សចាស់មិនអីទេ តែអាណិតក្មេង។ កងឈ្លបមិនព្រមទេហើយស្រែកថា មិនបានទេអង្គការត្រូវតែបោសសម្អាតឲ្យអស់ក្អែលសក្តិភូមិ សួនតួនិយម វណ្ណៈនាយទុននិយម។ ស្ត្រីម្នាក់នោះនៅតែនិយាយលួនតួរៀបរាប់ថា ខ្ញុំជាកូនកសិករ ជាអ្នកធ្វើស្រែចម្ការទេ ប្ដីរបស់ខ្ញុំស្លាប់ដោយសារតែគ្រាប់ផ្លោងធ្លាក់ត្រូវពេលកំពុងនេសាទត្រី ធ្វើឲ្យខ្ញុំបាត់បង់ប្ដី។ កូនរបស់ខ្ញុំកំព្រាឪពុកទើបធ្លាក់ខ្លួនមកលំបាកយ៉ាងដូច្នេះ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print