ភ្នំពេញ÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពនាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ ស្ថិតនៅផ្ទះលេខ៨១- ៨៣ ផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់២ ខណ្ទទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២:២៦នាទីរសៀល នៅរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ គឺជាការបាត់បង់ឪពុក ឪពុកក្មេក ជីតាប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនៗ ចៅប្រុសចៅស្រី ហើយក៏ជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទ ដោយបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានការពារបូរណភាពទឹកដីជារៀងរហូតមក។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕