ភ្នំពេញ ៖ សន្តិសុខនៅក្នុងក្លិប DOT2 ជាច្រេីននាក់បាននាំគ្នាព្រួតវាយបុរសម្នាក់បណ្តាលឲ្យរងរបួសត្រង់ក្បាលដេរជិត១០ថ្នេរនិងរងរបួសត្រង់ខ្លួន ខណៈចូលទៅផឹកសុីនៅក្នុងក្លិប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្លិបDOT2 ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ ជិតស្តុបទួលពង្រ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីភាគីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បាននាំគ្នាចូលទៅផឹកសុីរាំលេងសប្បាយជាលក្ខណៈគ្រួសារនៅក្នុងក្លិប DOT2 ខាងលើ។ ក្រោយពីផឹករួចរាងស្រវឹងស្រឿងៗក៏បាននាំគ្នារៀបចំត្រឡប់ទៅផ្ទះវិញ ដោយបុរសភាគីរងគ្រោះបានយកដៃទៅទះកំផ្លៀងប្អូនថ្លៃរបស់ខ្លួនក្នុងគោលបំណងលេងសេីច ភ្លាមនោះដែរស្រាប់តែសន្តិសុខនៅក្នុងក្លឹបបានរត់ទៅក្រៀកកបុរសរងគ្រោះអូសចេញមកខាងក្រៅ។ បន្ទាប់មកក៏មានបុរសម្នាក់ទៀតត្រូវជាប្អូនមកសួរនាំទៅលើសន្តិសុខ ម្តេចក៏វាយទៅលើបងរបស់ខ្លួន។ សួរមិនទាន់ផុតពីមាត់ផងក៏ត្រូវសន្តិសុខនៅក្នុងក្លិបព្រួតគ្នាវាយទៅលើបុរសរងគ្រោះត្រង់ក្បាលបែកឈាមហូរពេញខ្លួននិងមានស្នាមឆូតត្រង់ចង្កេះចេញឈាម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ រួចហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី១ដើម្បីឲ្យភាគីខាងក្លិប បង់លុយទៅជនរងគ្រោះ ដោះស្រាយគ្នាបញ្ចប់រឿង៕
ដោយ៖ សុខាសែនជ័យ