ភ្នំពេញ៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២១៦ នៅស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់បាញ់ជនរងគ្រោះបណ្តាលឱ្យរងរបួសយកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FX-1645 នៅពេលដែលជនរងគ្រោះកំពុងបើកប្រាក់នៅទូ ATM កាលពីវេលាម៉ោងប្រហែល១ និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នៅចំណុចមុខផ្ទះលេខ២០២និង២០៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ដែលជនសង្ស័យចំនួន៣នាក់ ១-ឈ្មោះ ចំរើន វាសនា ហៅ ស្នា ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ គឹម ពៅ ហៅ ពេជ្រ ហៅ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ មាស សំណាង ហៅ អាងោល ហៅ អាខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួនបាននៅម្តុំក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីថ្ងៃទី១០-សីហា វេលាម៉ោង១១និង៤៥នាទីយប់ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ខាត់ សុឃីម ហៅ អាអូ អាតោ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួនបាននៅថ្ងៃទី១១-សីហា វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ នៅចំណុចម្តុំលក់ផ្កា ផ្លូវលេខ៥៩៨ មុខផ្ទះលោក ជា សុផារ៉ា ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំណែកបក្សពួកនៅសេសសល់ដែលកំពុងគេចខ្លួន សមត្ថកិច្ចកំពុងបន្តធ្វើការស្វែងរកចាប់ខ្លួនបន្តទៀត៕
ដោយ៖ សហការី