ភ្នំពេញ៖ លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យដកបន្ទាប់ពីឲ្យមន្ត្រីរបស់ខ្លួនចាប់រថយន្តសង្គ្រោះបន្ទាន់របស់វិទ្យុABC។ នេះបើតាមបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានទូរស័ព្ទទៅកាន់ស្ថានីយវិទ្យុABCដោយផ្ទាល់ដោយបញ្ជាក់ថា សម្តេចនឹងដកលោក សុខ សុគន្ធ ចេញពីតំណែង។
លោក ឃួង ស្រេង កាលពីព្រឹកមិញ ត្រូវបានសម្តេចបញ្ជាឲ្យទៅយករថយន្តសង្គ្រោះនោះពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញទៅប្រគល់ឲ្យវិទ្យុABCវិញ ហើយសម្តេចថែមទាំងប្រគល់រថយន្តសង្គ្រោះចំនួន២គ្រឿងទៀតជូនវិទ្យុមួយនេះ ដើម្បីប្រយោជន៍ធ្វើសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលបានជួបគ្រោះថ្នាក់ផ្សេងៗ ជាពិសេសជួយដឹកសាកសពសម្រាប់គ្រួសារជនរងគ្រោះក្រីក្រជាដើមទៅកាន់ទីជនបទឆ្ងាយៗ៕
ដោយ៖ សុខ ខេមរា