រឿងពេលដែលម្ដាយឃ្លាតទៅ(តចប់)

ចែករំលែក៖

ម្ដាយរបស់ខ្ញុំបានប្រែទឹកមុខស្រពាប់ស្រពោន ព្រោះតែមនោសញ្ចេតនារវាងម្ដាយនិងកូនព្រមទាំងក្តីកង្វល់ពីសុខទុក្ខរបស់កូន។ ម្ដាយរបស់ខ្ញុំបារម្ភពីប្អូនៗណាស់ តែក្តីសង្ឃឹមចុងក្រោយរបស់គាត់គឺក្បែរយាយនៅក្បែររោងបាយនោះហើយ។ យាយជាអ្នកមើលថែក្មេងៗនៅទីនោះ។ស្អែកឡើងម៉ែក្រោកពីសម្រាន្តទាញខោជើងវែងចង្កេះដាក់កៅស៊ូ មួយយកមកស្លៀកឱ្យខ្ញុំ និងអាវដៃវែងមួយដោយប្រាប់ថា ពាក់ឲ្យជិតៗទៅកុំឲ្យក្តៅហើយកុំឲ្យមូសខាំ ពេលប្រធានក្រុមឲ្យធ្វើអ្វីធ្វើហ្នឹងទៅ។ កុំមាត់កអីជាមួយគេណាកូន ហើយកុំនិយាយអ្វីផ្ដេសផ្ដាស។ បើមានគេសួរថាពុកកូនធ្វើអ្វីពីដើមប្រាប់គេថា គាត់ធ្វើស្រែទៅបានហើយ។ មិនទាន់ទាំងចប់ការសំណេះសំណាលជាមួយម៉ែផង ស្រាប់តែមានមនុស្សមួយក្រុមមកដល់ល្មមមានក្មេងៗបួន 10 នាក់ ក្នុងនោះក៏មានអាផលដែរ។ ខ្ញុំប្រាប់ម៉ែរបស់ខ្ញុំថា ម៉ែ ខ្ញុំស្គាល់អាមួយនេះដែរម៉ែវាធ្លាប់ប្រាប់ខ្ញុំពីរបៀបរកក្តាម ខ្យង ហើយវាហ្នឹងជាអ្នកនាំខ្ញុំទៅវាលស្រែ។ ល្អហើយអ៊ីចឹងកូនមានគ្នាហើយ។និយាយជាមួយខ្ញុំរួចម៉ែងាកសួរអាផលថា ក្មួយឈ្មោះអី?ហើយគាត់ផ្ដាំអាផលថាអើជួយមើលប្អូនផងក្មួយធំជាងប្អូនជួយមើលខុសត្រូវប្អូនផង។ អាផលមិនបានឆ្លើយជាមួយម៉ែរបស់ខ្ញុំផង ប្រធានក្រុមក៏ផ្លុំកញ្ចែប្រមូលយកទៅ ធ្វើឲ្យខ្ញុំលាម៉ែសឹងមិនទាន់។
ខ្ញុំដើរឆ្ងាយណាស់ ដើរឡើងទន់ជើងហើយស្រេកទឹកស្ទើរខះកនៅតែមិនទាន់ដល់ទៀត។ យើងស្រេកទឹកពេកក៏ប្រាប់អ្នកនាំផ្លូវថា” មិត្តបងខ្ញុំស្រេកទឹកណាស់” អ្នកនាំផ្លូវឆ្លើយតបមកខ្ញុំវិញថាឲ្យលឿនឡើងយប់ឥឡូវហើយ បើទៅមិនទាន់ច្បាស់ជាដេកក្នុងព្រៃនេះហើយ អាផលស្រែកបន្ថែមទៀតថា ស្រេកទឹកណាស់ហើយថែមទាំងឃ្លានទៀត តាំងពីព្រឹកមិនបានហូបអីផង។ ឮអាផលស្រែកយ៉ាងដូច្នោះអ្នកនាំផ្លូវក៏ឲ្យពួកយើងដើរកាត់ទៅរកស្ទឹងហូបទឹកសិន។យើងដើរយ៉ាងយូរទើបឃើញទឹករួចក៏នាំគ្នារត់សំដៅទៅក្បង់ទឹកហូបទាំងអស់គ្នា។ ពេលបានទឹកចូលពោះហើយ យើងមានអារម្មណ៍ថាស្រួលខ្លួនបន្តិចអាចបន្តដំណើរទៅមុខទៀតបាន។ ទៅដល់ទីនោះតែមើលគ្នាមិនចង់ស្គាល់អ្នកនាំផ្លូវនាំយើងទៅរោងចុងភៅដើម្បីហូបបបរមួយវែករួចក៏នាំទៅកន្លែងសម្រាក។ ដោយអស់កម្លាំងពេកយើងក៏ប្រជ្រៀតគ្នាជាមួយកុមារដទៃទៀតដេកលក់ទៅ។ លុះព្រឹកឡើងទើបដឹងថាក្នុងកងចល័តកុមារនោះមានកុមារច្រើននាក់ណាស់។ ស្រីដាក់ដោយឡែក ប្រុសដាក់ដោយប្រុស។ ប្រធានកងបានផ្លុំកញ្ចែឲ្យយើងចូលជួរហើយឲ្យយើងចំណាំជួររបស់ យើងនៅជួរណាត្រូវនៅជួរនោះរហូត ឈរពីក្រោយអ្នកណាត្រូវឈរនៅទីនោះជារៀងរហូតមិនឲ្យដូរទេ។
ប្រធានកងនាំយើងឱ្យទៅជញ្ជូនថ្មទម្លាក់ចូលស្ទឹង។ នៅកន្លែងនោះមានមនុស្សចាស់ធ្វើការច្រើនណាស់ ខ្លះរែកដី ខ្លះកាប់ដីខ្លះ ធ្វើបង្គី ខ្លះវិញខ្សែ។ ក្រុមអ្នករែកដីសុទ្ធតែរត់ហើយស្លៀកសុទ្ធតែសម្លៀកបំពាក់ខ្មៅគ្រប់គ្នា។ ការងារនៅទីនោះពិតជាលំបាកណាស់ហៅថាកម្លាំងជួរមុខមើលទៅមានសភាពទ្រុឌទ្រោមជាខ្លាំងរូបរាងស្គមស្គាំង ព្រោះត្រូវមេកងបង្ខំឲ្យធ្វើការងារហួសកម្លាំងហូបមិនគ្រប់គ្រាន់ និងដេកមិនបានគ្រប់គ្រាន់។ កងកុមារក៏ដូចជាមនុស្សចាស់ដែរគ្មានពេលសម្រាកឡើយ។ ក្រុមកុមាររបស់ខ្ញុំសែងថ្មដាក់ក្នុងបង្គីមួយពីរ នាក់ទម្លាក់ចូលទឹកស្ទឹងដែលទឹកកំពុងហូរខ្មាញ់។ ថ្ងៃមួយខ្ញុំបានឃើញបងចន្ទ្រាអ្នកធ្លាប់ស្គាល់គ្នារួចខ្ញុំក៏ស្រែកហៅភ្លាម។ បងចន្ទ្រាឮសំឡេងស្រែកហៅគាត់ខំរកមើលហើយឈរមើលមួយសន្ទុះទើបស្គាល់ថាជារូបខ្ញុំ។ គាត់ក៏តបមកវិញថា ភា អូនមកទីនេះដែរ។ចាំចប់ការងារសិនជួបគ្នាណា។និយាយចប់ហើយគាត់ក៏រែកដីបន្តមិនហ៊ានឈប់ទេខ្លាចប្រធានកងស្ដីបន្ទោស។ ល្ងាចនេះក្រោយពីត្រឡប់មកពីហូបបបរវិញ ខ្ញុំនិងបងចន្ទ្រាស្វែងរកគ្នាទម្រាំបានជួបមេឃងងឹតស្ទើរតែមើលគ្នាមិនស្គាល់។ បងចន្ទ្រានិយាយថា ” ភា”បងនឹកអូនណាស់ហេតុអ្វីប្អូនមកទីនេះដែរ។ ចុះពូមីងសុខសប្បាយទេ? គាត់សួរខ្ញុំជាច្រើនសំណួរហើយយើងសំណេះសំណាលគ្នាពីនេះពីនោះជាច្រើនរឿងទៀត។ បងចន្ទ្រានិយាយបណ្ដើរងាកមើលជុំវិញខ្លួនបណ្ដើររួចបន្តថា សព្វថ្ងៃពិបាកណាស់អូនអើយ បន្តិចអ្នកនេះមកស្នើ បន្តិចអ្នកនោះមកស្នើ បងចេះតែដោះស្រាយឲ្យរួចមួយគ្រាៗសិនទៅ។
បន្ទាប់ពីការសន្ទនានោះយើងឧស្សាហ៍ជួបគ្នាណាស់ដើម្បីសម្ដែងពីការលំបាកគ្រប់គ្នានិងសេចក្តីនឹករលឹកឪពុកម្ដាយ។ជួនកាលយើងយំជាមួយគ្នា។ជួនកាលយើងយំជាមួយគ្នា។ មិនយូរប៉ុន្មានទំនប់ទឹកមួយដ៏ធំស្កឹមស្កៃឈរនៅចំពោះមុខក្រុមកងចល័តដែលមានរូបស្គាំងស្គមបាក់កម្លាំងដើរស្ទើរមិនរួច។ ចប់ការងារនៅទីនោះអង្គការបានបញ្ជាឲ្យកងកុមារផ្លាស់ទៅកន្លែងផ្សេង។ ខ្ញុំបែកពីបងចន្ទ្រារកតែឱកាសលាគ្នាពុំបានផង។ យើងនាំគ្នាដើរកាត់ព្រៃ ចេញពីព្រៃចូលវាល ចេញពីវាលចូលព្រៃរហូតទៅដល់ភូមិចាស់មួយ។ ខ្ញុំឃើញមានដើមពុទ្រាពីរបីដើមសុទ្ធតែមានផ្លែទំុពេញគ្មានអ្នកណាមកដល់ទេ។ ឃើញដូច្នោះហើយ យើងក៏ស្ទុះនាំគ្នារើសហូបផងរើសដាក់មូរជាប់ក្នុងចង្កេះខោផង ស្រាប់តែមេកងមកដល់បញ្ជាឲ្យលាចង្កេះខោទម្លាក់ចោលទាំងអស់។ យើងស្ដាយណាស់តែមិនហ៊ានប្រកែកតវ៉ានិងមេកងទេ រួចមេកងបង្ខំឲ្យយើងដើរចេញទៅមុខទៀត។ទៅមុខបន្តិចតាមផ្លូវលំ ខ្ញុំងាកមកខាងស្ដាំឃើញអគារមួយបាត់បង្អួចរុំព័ទ្ធដោយវល្លិ និងកូនឈើតូចៗ។ខ្ញុំសែនរន្ធត់ចិត្តណាស់ស្ទើរស្រក់ទឹកភ្នែកព្រោះខ្ញុំស្គាល់ច្បាស់ថាជាសាលារៀនដែលត្រូវបោះបង់ចោល។ មេកងនាំកុមារទាំងអស់ឡើងលើភ្នំដើម្បីដាំត្រឡាចនៅលើភ្នំនោះ។

នៅទីនោះបានមួយរយៈពេលស្រាប់តែមានយប់មួយពេលដែលខ្ញុំកំពុងតែលង់លក់ អាផល ដាស់ខ្ញុំហើយខ្សឹបថា ភា! ក្រោកឡើងហ្អែងមានឮទេគឺគ្រាប់កាំភ្លើងធំ។ ខ្ញុំសួរត្រឡប់ទៅអាផលវិញថា ម៉េចបានឯងដឹង? អញធ្លាប់ដឹងដូចកាលពីសម័យគេបាញ់គ្នានៅក្នុងភូមិអញ ។ អាផលឆ្លើយតប ” សម្ងំដេកទៅកុំឱ្យគេដឹងស្រុកយើងមានសង្គ្រាមទៀតហើយ” ។ អាផលវាលបៗទៅវិញ។ ខ្ញុំដេកស្ដាប់ពេលខ្យល់បក់មកម្ដងៗឮសំឡេងតិចផងខ្លាំងផង។ មិនបានប៉ុន្មានថ្ងៃផងមេកងប្រកាសឱ្យពួកយើងត្រឡប់ទៅភូមិវិញ។ យើងនាំគ្នាទៅតាមគេតាមឯង រហូតដល់ភូមិ ហើយស្រាប់តែមានសភាពជ្រួលច្របល់ខ្លាំង។ ម្នាក់ៗម្នីម្នារត់រកក្រុមគ្រួសារហើយស្រែកថា” ស្រុកយើងបានសុខសាន្តត្រានហើយ” ក៏នាំគ្នានាំកូនជញ្ជូនចៅចូលមកទីប្រជុំជនវិញ។
ខ្ញុំសប្បាយចិត្តណាស់បានជួបជុំម្ដាយឪពុកបងប្អូនរបស់ខ្ញុំវិញ។ឪពុករបស់ខ្ញុំ នាំខ្ញុំដើររកតាមឃ្លាំង តាមរោងចក្របាក់បែក រើសយកឆ្នាំង ចាន កំសៀវ យកមកទុកប្រើប្រាស់។ ឪពុករបស់ខ្ញុំរវល់ណាស់ គាត់ខំស្វះស្វែង រកក្តារមកធ្វើបានផ្ទះមួយនៅជាប់មាត់ស្ទឹង។ ការដែលបានជួបជុំគ្នាវិញនេះធ្វើឲ្យប្រជាជនទាំងអស់មានចិត្តសប្បាយរីករាយក្រៃលែង។ បីខែក្រោយមកខ្ញុំនិងកុមារដទៃទៀតត្រូវបានមេភូមិមកហៅឲ្យទៅរៀនវិញ។ នៅក្នុងបន្ទប់សិក្សាដែលគ្មានទ្វារ គ្មានបង្អួច ដំបូលធ្លុះធ្លាយ មានអ្នកគ្រូម្នាក់យើងហៅគាត់ថាបងៗ។ គាត់ចែកសៀវភៅឱ្យយើងម្នាក់មួយៗ និងខ្មៅដៃមួយដើម រួចបែងចែកអ្នកដែលធ្លាប់បានរៀនដាក់ផ្សេង និងអ្នកមិនដែលបានរៀនដាក់ផ្សេង។
ទីបំផុតខ្ញុំបានរៀនថ្នាក់ទី ៣ ហើយក្រៅម៉ោងរៀនខ្ញុំត្រូវទទួលបន្ទុកជួយអ្នកគ្រូ ចម្លងមេរៀនដាក់ក្តារខៀនឲ្យប្អូនៗថ្នាក់ទី១ ។ ដោយសារមានការខ្វះអគារសិក្សា ពេលខ្លះខ្ញុំត្រូវរៀននៅក្រោមដើមទឹកដោះគោ យើងរៀនពោរពេញដោយភាពរីករាយ។ជយោ! ខ្ញុំបានចូលរៀនវិញហើយ៕ (ចប់ដោយបរិបូណ៌)
សម្រង់តាមច្បាប់ដើមនិងសម្រួលដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print