ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីបានឲ្យដឹងថា បច្ចុប្បន្ននេះឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងព្រៃសហគមន៍ ព្រៃការពារ និងព្រៃ អភិរក្សនៅតែប្រឈមនឹងការបំផ្លាញ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួនបាន យកមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីយោធាការពារព្រំដែន និងមន្ត្រីនគរបាលការពារព្រំដែន ធ្វើជាខ្នងបង្អែកដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម។ ហេតុនេះហើយទើបបទល្មើសដឹកជញ្ជូនឈើប្រណីតទៅប្រទេសវៀតណាមតាមតំបន់ ព្រំដែននៃស្រុកកោះញែកនៅតែបន្តកើតមានឥតឈប់ឈរ ។
មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកកោះញែកបានឲ្យដឹងថា មេបញ្ជាការយោធាកង អនុសេនាធំទី៣ប្រចាំទិសកោះញែក ខេត្តមណ្ឌលគិរីគឺជាអ្នកកាងឈ្មួញដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាមួយគ្នានេះក៏មានការឃុបឃិតពីសំណាក់នាយផ្នែករដ្ឋបាលព្រៃឈើកោះញែកផងដែរ ទើបបទល្មើសបន្ត រាលដាលយ៉ាងគគ្រឹកគគ្រេង ហើយការបង្ក្រាបពុំមានប្រសិទ្ធភាពទាល់តែសោះ។
សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញមួយចំនួនបន្តសកម្មភាពប្រមូលទិញឈើនៅក្នុងស្រុកកោះញែក ហើយដឹក ជញ្ជូនឆ្លងកាត់ស្រុកលំផាត់ និងក្រុងបានលុង ខេត្តរតនគិរី យកទៅលក់នៅប្រទេស វៀតណាមតាមច្រកអូរយ៉ាដាវដោយមានការឃុបឃិតជាមួយសមត្ថកិច្ចច្រើនស្ថាប័ន។ រីឯឈ្មួញមួយចំនួនទៀតបានយកមន្ត្រីយោធាការពារព្រំដែនក្នុងស្រុកកោះញែកធ្វើជាខ្នងបង្អែកហើយមន្ត្រីយោធាទាំងនោះការពារឈ្មួញដឹកជញ្ជូនឈើទៅលក់នៅប្រទេស ជិតខាងយ៉ាងក្រអឺតក្រទម ៕