រឿង ស្នាមដំបៅ(ត)

ចែករំលែក៖

ពិតជាអកុសលណាស់ នៅពេលទទួលទានបាយដ៏សែនឆ្ងាញ់ទាំងអស់នេះរួច ស្រាប់តែខ្ញុំចុកពោះហើយក្អួតអស់រលីងមកវិញទាំងបាយនិងទឹកអំពៅ។ នៅពេលដែលម៉ែឃើញដូច្នោះគាត់បានប្រាប់មកខ្ញុំថា គាត់នៅសល់អង្ករមួយកំប៉ុងទៀតនិងដំឡូងឈើមួយមើមឲ្យខ្ញុំដាក់ក្នុងក្រមាត្រឡប់ទៅកងចល័តវិញ ព្រោះដល់ពេលវេលាដែលខ្ញុំត្រូវត្រឡប់ទៅវិញហើយ។ ខ្ញុំកាន់កញ្ចប់អង្ករចេញដើរត្រឡប់ទៅការដ្ឋានវិញទាំងអស់កម្លាំងពីខ្លួន។ខ្ញុំដើរបណ្ដើរខំទំពាដំឡូងឆៅបណ្ដើរ។ ដំឡូងឆៅមួយមើមនេះគឺជាសេចក្តីសង្ឃឹមចុងក្រោយសម្រាប់បំពេញកម្លាំងដល់ខ្ញុំដែលបានបាត់បង់។ មាត់របស់ខ្ញុំទំពាដំឡូង ចំណែកឯភ្នែករំពៃមើលឆ្វេងស្តាំក្រែងជួបឈ្លប ខ្ញុំដើរទៅដល់ស្រែស្ទូងប្រហែលជាម៉ោង ៣ទៀបភ្លឺ ហើយខ្ញុំក៏ប្រះខ្លួនដេកនៅលើដីទួលក្រោមដើមស្វាយព្រៃធំមួយក្បែរគុម្ពឫស្សីខ្ញុំដេកយ៉ាងលង់លក់នៅទីនោះរហូតដល់ពេលដែលកងចល័តដើរមកដល់ក្បែរនៅប្រមាណជាម៉ោង ៥ភ្លឺទើបខ្ញុំភ្ញាក់។ ពេលក្រោកឡើងទើបខ្ញុំដឹងថាទួលដែលខ្ញុំដេកនោះគឺជាផ្នូរខ្មោចប៉ុន្តែខ្ញុំគ្មានការភ័យខ្លាចនោះទេ។ បន្ទាប់មកខ្ញុំចុះទៅស្ទូងជាមួយកងចល័តដទៃទៀត។ទាំងគ្មានកម្លាំងសោះ។ នៅព្រឹកនោះដែរ ជាសំណាងល្អស្រែដែលខ្ញុំស្ទូងសម្បូរទៅដោយកំពឹសនិងកូនក្តាមជាច្រើនដែលខ្ញុំអាចចាប់មកហូបឆៅជាបណ្ដើរៗទម្រាំដល់ពេលហូបបបរថ្ងៃត្រង់។ ក្រោយពីមានអង្ករលាក់ទុកនៅក្នុងដបទឹកមកជារៀងរាល់យប់ មុននឹងដេកនិងពេលទៀបភ្លឺ មុននឹងចេញទៅធ្វើការខ្ញុំតែងតែលនលួចហូបអង្ករឆៅមួយក្តាប់ដៃដើម្បីបន្ថយការស្រេកឃ្លាន។ ខ្ញុំហូបអង្ករនេះអស់ក្នុងរយៈពេលបីថ្ងៃហើយខ្ញុំក៏គ្មានអ្វីហូបដូចមុនទៀតដែរ។
ថ្ងៃនេះក្រោយពីដកសំណាបរួចម៉ោងប្រហែលជា ៥ ល្ងាច។កងចល័តទាំងអស់បានវិលត្រឡប់ទៅផ្ទះស្នាក់វិញ។ បន្ទាប់ពីងូតទឹកសម្អាតខ្លួនរួចហើយយើងទទួលទានបបរគោកមួយវែកមុននឹងចូលដេក។ នៅយប់នោះពីព្រលប់ខ្ញុំបានឃើញកងឈ្លបពីរនាក់ដែលមូរជើងខោលើក្បាលជង្គង់ដើរកាត់មុខផ្ទះស្នាក់របស់ខ្ញុំទៅទិសខាងកើត។ ប្រហែលជាមួយម៉ោងក្រោយមកខ្ញុំឮសំឡេងយុវជនមួយក្រុមដែលបណ្ដើរជជែកគ្នារអ៊ូៗបណ្ដើរ ទៅទិសខាងលិចវិញ។ បន្តិចក្រោយមកទៀតខ្ញុំស្រាប់តែឮសម្រែកអូយ! អូយ! ស្រែកចេញពីទិសខាងលិច។ ក្រុមកងចល័តម្នាក់សួរថា ” តើមានឮសំឡេងអ្វីដែរឬទេ” មួយរំពេចនោះក៏មានសំឡេងនារីម្នាក់ដែលប្រហែលជាកម្មាភិបាលនៅក្នុងភូមិស្រែកពីផ្លូវខាងក្រៅផ្ទះស្នាក់ថាមានយុវជនម្នាក់កំពុងតែចុកពោះ ។ ក្រុមចល័តស្ងប់ស្ងាត់ទៅវិញ។ ប្រមាណជាម៉ោង ៩ យប់យុវជនម្នាក់ឈ្មោះអ៊ុនដែលដេកជាប់នឹងខ្ញុំខ្សឹបសួរខ្ញុំថា តើខ្ញុំមានឮសំឡេងវាយមនុស្សនិងសំឡេងស្រែកថ្នូរដែរឬទេ។ បន្ទាប់ពីខ្ញុំបានផ្ទៀងត្រចៀកស្ដាប់ឮហើយខ្ញុំបានខ្សឹបប្រាប់ទៅអូនវិញកុំឱ្យនិយាយ។ ខ្ញុំនៅបន្តសំងំដេកស្ដាប់សំឡេងនោះទៀតហើយប្រហែលជាជាងពីរម៉ោងក្រោយមកខ្ញុំឃើញស្រមោលមនុស្សលីអីវ៉ាន់មួយការុងមកទម្លាក់ទុកនៅខាងក្រោមផ្ទះលីសូគ្រាំងរួចដើរឡើងមកលើផ្ទះធំុក្លិនស្រាឈួល រួចក៏ដេកនៅកន្លែងដេករបស់សាន។ ខ្ញុំដឹងថាគាត់ គឺជាសាន។ ខ្ញុំដេកមិនលក់និងមានការមន្ទិលសង្ស័យ ខ្ញុំតាមឃ្លាំមើលឥរិយាបថរបស់សាន។ ផ្ទះដេកពុំមានទ្វារបិទបាំងបានធ្វើឲ្យរស្មីផ្លាតរបស់ព្រះចន្ទជះចូលមកខាងក្នុងម្ដងម្កាលដែលអាចឲ្យខ្ញុំមើលឃើញសានដេកគងថ្ងាសសន្ធឹងសន្ធៃហាក់ដូចអស់កម្លាំងនិងមានកង្វល់អ្វីម្យ៉ាង។ ម៉ោងប្រហែល ៤ ទៀបភ្លឺខ្ញុំឮសានប្រាប់មិត្តឆនដែលជាយុវជនជំនិតរបស់គាត់ហើយដេកក្បែរនឹងគាត់ឲ្យនាំគ្នាទៅស្ទូងដោយរក្សាភាពស្ងៀមស្ងាត់។
ខ្ញុំនឹងកងចល័តដទៃទៀតចុះពីលើផ្ទះបន្តបន្ទាប់គ្នាហើយដើរទៅស្រែស្ទូង។ ដោយឡែកមិត្តឆនដែលចុះពីផ្ទះក្រោយគេបន្តិចបានទៅស្ទាបការុងដែលសានទុកចោលក្រោមផ្ទះហើយប្រញាប់ប្រញាល់ធ្វើដំណើរយ៉ាងលឿនតាមកងចល័តដទៃទៀត។ មិត្តឆន បានទទួលបញ្ជាពីសាននិយាយប្រាប់កងចល័តទាំងអស់ឲ្យខំប្រឹងធ្វើការដោយភាពស្ងៀមស្ងាត់។ ពិតមែនតែខ្ញុំចង់ដឹងថាតើមានអ្វីទៅនៅក្នុងការុងនោះប៉ុន្តែខ្ញុំមិនហ៊ានហារមាត់សួរមិត្តឆនឡើយ។ ខ្ញុំមិនទុកចិត្តអ្នកណាម្នាក់ក្រៅពីខ្លួនខ្ញុំឡើយ។ ប៉ុន្តែនៅពេលដែលកំពុងស្ទូងជាប់គ្នាមិត្តឆនបានខ្សឹបប្រាប់ខ្ញុំថា នៅក្នុងការុងនោះគឺសុទ្ធតែខោអាវទទឹកជោក។ បន្តិចក្រោយមកយុវនារីម្នាក់ដើរទៅបត់ជើងនៅក្បែរគុម្ពឬស្សី បានប្រទះឃើញខោអាវមួយពំនូកបានយកគរចោលនៅកែងភ្លឺស្រែក្បែរនោះហើយនិយាយរឿងទាំងអស់នេះប្រាប់កងចល័តពេលត្រឡប់មកដល់វិញ។ ឆនដែលយល់ពីសភាពការណ៍បានប្រាប់ទៅនារីម្នាក់នោះថាកុំឲ្យនិយាយស្ដីអ្វីទាំងអស់ និងគិតតែខំប្រឹងស្ទូងទៅ។ ខ្ញុំនិងកងចល័ត្នខ្លះទៀតយល់ដឹងយ៉ាងច្បាស់ថាកាលពីយប់មិញនេះអង្គការបានកម្ទេចមនុស្សមួយក្រុមចោល។ យើងទាំងអស់គ្នាខំរកមើលថាតើមានបាត់សមាជិកកងចល័តណាម្នាក់ឬទេទាំងអារម្មណ៍ជ្រួលច្របល់។
ព្រឹកនេះដៃជើងរបស់ខ្ញុំខំប្រឹងប្រែងធ្វើការយ៉ាងសកម្មនិងស្ងាត់ស្ងៀមបំផុតខុសប្លែកពីធម្មតា។ ប៉ុន្តែព្រលឹងរបស់ខ្ញុំវិញចេញហោះហើរទៅខាងក្រៅខ្លួនបាត់ទៅហើយ។ ខ្ញុំនឹកស្រមៃព្រួយបារម្ភអំពីវាសនាស្នេហារបស់ខ្ញុំជាមួយនឹងណាវី។ កាលចុងឆ្នាំ ១៩៧៦ អង្គការភូមិបានបញ្ចុះបញ្ចូលខ្ញុំនិងណាវីដែលជាកូនរបស់អតីតគ្រូបង្រៀនម្នាក់និងជាប្រជាជន ១៧ មេសាឲ្យរៀបការជាមួយគ្នា។ ដោយមិនអាចប្រកែកបាននឹងការចាត់ចែងរបស់អង្គការយើងទាំងពីរនាក់បានយល់ព្រមតាមអង្គការហើយខំប្រឹងកសាងសព័ន្ធភាពស្នេហាខាងផ្លូវចិត្តជាមួយគ្នាចាប់ពីពេលនោះមក។

អារម្មណ៍ស្នេហាចាប់កើតមានឡើងវិញ។សេចក្តីស្រឡាញ់ចំពោះណាវីដែលជានារីនារីស្រគត់ស្រគំរម្យទមពូកែធ្វើការងារដែលមានអាយុ ១៧ ឆ្នាំ ហើយថែមទាំងមានរូបសម្បត្តិស្រស់ស្អាតបានរីកចម្រើនយ៉ាងលឿន។ យើងបាក់ចិត្តស្រឡាញ់គ្នាយ៉ាងខ្លាំង។យើងទាំងពីរពុំមានសិទ្ធិចរចាឬសាសងគ្នាអំពីរឿងស្នេហាទេ។ច្បាប់សីលធម៌ទី ៧ របស់ខ្មែរក្រហមបានហាមជនគ្រប់រូបមិនឲ្យចរចាឬសាសងគ្នាអំពីរឿងស្នេហាឡើយ ហើយអ្នកមានកំហុសក្នុងរឿងស្នេហានេះនឹងត្រូវអង្គការយកទៅធ្វើទារុណកម្មឬសម្លាប់។
មិនបានប៉ុន្មានថ្ងៃផងអង្គការបានជូនដំណឹងមកយើងវិញថា អង្គការមិនទាន់អនុញ្ញាតឲ្យប្រជាជនថ្មីរៀបការនឹងគ្នាឡើយព្រោះទុកបន្តមើលគោជំហរបដិវត្តន៍ឱ្យបានច្បាស់លាដ់សិន។ ដើមទុនដួងចិត្តបានដាក់បញ្ចូលគ្នាយ៉ាងជ្រាលជ្រៅទៅហើយនោះត្រូវស្ថិតក្នុងសភាពគាំងចាប់ពីពេលនោះមក។ យើងទាំងពីរត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការកងចល័តជាមួយគ្នាស្ទើរគ្រប់ការដ្ឋាន។ ខ្ញុំកាន់តែមានអារម្មណ៍ថាយើងពិតជាគូព្រេងនឹងគ្នា។សេចក្តីស្រឡាញ់បានត្រឹមតែជាការលួចគិតពីគ្នា លួចដៀងភ្នែកមើលគ្នាដោយប្រុងប្រយ័ត្ននិងភាពរំជួលចិត្ត។ អង្គការបានបញ្ចុះបញ្ចូលយើងឲ្យស្រឡាញ់គ្នាប៉ុន្តែនៅពេលយើងស្រឡាញ់គ្នាហើយ បែរជាមិនឱ្យយើងរៀបការទៅវិញ។
នារីម្នាក់ស្រែកយ៉ៃព្រោះភ្ញាក់និងសត្វឈ្លើងធំមួយដែលកំពុងតែទាមជើងរបស់គាត់ធ្វើឲ្យភ្ញាក់ដល់ការស្រមៃរបស់ខ្ញុំ។ ការដកស្ទង់នៅថ្ងៃនេះប្រព្រឹត្តទៅក្នុងសភាពនៃការងឿងឆ្ងល់ព្រួយបារម្ភនិងប្រុងប្រយ័ត្ន។ ពេលហូបបាយល្ងាចរួចប្រធានភូមិទ័ពសៀមឈ្មោះជា បានមកប្រាប់យុវជនម្នាក់ឈ្មោះសីហាឲ្យទៅរែកសំណាបនៅភូមិកំពង់ស្វាយដែលមានចម្ងាយប្រហែល៤គីឡូម៉ែត្រ។ សីហា ត្រូវទៅជួបជុំគ្នីគ្នានៅទីស្នាក់ការភូមិសិន។ សីហាមកពីភូមិទ័ពសៀម ប៉ុន្តែគាត់ស្ថិតនៅក្នុងក្រុមផ្សេង។ គាត់ដេកនៅផ្ទះស្នាក់ជាមួយខ្ញុំដែរ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សីហាស្ដាប់ពាក្យចុងក្រោយមិនទាន់ក៏បានទាញឃ្នាប និងដងរែកចេញដំណើរតែម្នាក់ឯងឆ្ពោះទៅភូមិកំពង់ស្វាយ។ (នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print