ខេត្តកណ្តាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងសុទិដ្ឋិនិយមថា តំបន់អរិយក្សត្រ នឹងមានភាពរីកចម្រើនដូចខាងលិចទន្លេ ដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាត ងាយស្រួលធ្វើដំណើរទៅមក និងមានអគារខ្ពស់ៗជាច្រើនទៀត រួមទាំងមានស្ពានឆ្លងកាត់ងាយស្រួលទៀតផង។
ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ប្រារព្ធនៅក្រុងអារិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍទីក្រុងទំនើបនេះ នឹងរួមចំណែកជំរុញកំណើនអចលនទ្រព្យ ក្លាយជាទីក្រុងទេសចរណ៍ ជាបណ្ដុំសេដ្ឋកិច្ចពាណិជ្ជកម្មសម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមភូមិសាស្រ្តតំបន់អារិយក្សត្រនេះ មិនត្រឹមតែជួយសម្រួលដល់ភាពងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានតភ្ជាប់ទៅកាន់តំបន់ផ្សេងៗផងដែរ ដូចជាការតភ្ជាប់ជាមួយកោះនរា ជាដើម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ ឱ្យបានច្បាស់លាស់លើការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន៖ ការសាងសង់ច្រាំងទន្លេ, ផ្លូវបើកបរយានជំនិះ, ផ្លូវថ្មើរជើង, ផ្លូវជិះកង់, ផ្លូវសម្រាប់រត់ហាត់ប្រាណតាមដងទន្លេ, កន្លែងកម្សាន្តសាធារណៈ, កន្លែងហាត់ប្រាណ និងការរៀបចំជាសួនច្បារបៃតងតាមដងទន្លេ ក្នុងគោលបំណងលើកស្ទួយគុណភាពជីវិត, ផាសុកភាព និង ភាពស៊ីវិល័យនៃការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសោភណភាព, ទស្សនីយភាព, សុវត្ថិភាព, បរិស្ថានល្អគួរឱ្យរស់នៅ និង អាចបម្រើផលប្រយោជន៍សាធារណៈជារួមផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់សុខសន្តិភាព ដែលបានកើតឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កម្ពុជាបានវិវឌ្ឍយ៉ាងខ្លាំង។ មិនត្រឹមតែក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការប្រែប្រួលមុខមាត់នៃសង្គមជាតិទាំងមូលផង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងមកបរទេសជាច្រើន បានឮអំពីប្រទេសកម្ពុជា ភាគច្រើនតែទៅលើទិដ្ឋភាពនៃសង្គ្រាម ប្រល័យពូជសាសន៍, ភាពក្រីក្រ និងចំការមីនប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្នបរទេស ដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគតែងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើន និងភាពទំនើបស៊ីវីល័យរបស់កម្ពុជា ដែលខុសទាំងស្រុង ពីអ្វីដែលពួកគេធ្លាប់បានឮ។ បរទេសដែលធ្លាប់ មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើលដូចគ្នា ជាមួយនឹងល្បឿននៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា នៅក្នុងទីក្រុង ឬ ទីជនបទ។
សម្តេចមហាបវរធិវតី ហ៊ុន ម៉ាណែត បានបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ស្ពាន មិនត្រឹមជួយដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏រួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចផងដែរ៕
ដោយ ៖ សិលា