រឿង ស្នាមដំបៅ(ត)

ចែករំលែក៖

ភាពព្រួយបារម្ភអំពីជោគវាសនាខ្លួនរបស់ប្រជាជនម្នាក់ៗ ស្ថិតនៅក្នុងភាពជ្រួលច្របល់រៀងៗខ្លួន។ស្អែកព្រឹកឡើងខ្ញុំបានក្រោកពីយប់ដើរទៅស្រែស្ទូងស្រូវមុនគេបង្អស់។ ខ្ញុំបានស្ដាប់ឮសំឡេងអ្នកភ្ជួរដេញក្របីយ៉ាងច្បាស់ពីស្រែស្ទូងមួយក្នុងភូមិក្រូចដែលមានព្រំប្រទល់ជាប់នឹងភូមិកន្សោមអក។ ក្រោយផ្ទៀងស្ដាប់បន្តិចខ្ញុំស្គាល់ថាមានសំឡេងរបស់ពូខ្ញុំម្នាក់ដែរ។ ខ្ញុំបានសម្រេចចិត្តលួចទៅសួរពូខ្ញុំអំពីស្ថានភាពក្រុមគ្រួសាររបស់ខ្ញុំថា តើមានអ្នកណាត្រូវបានអង្គការបញ្ជូនទៅតំបន់ ២៥ ឬត្រូវយកទៅសម្លាប់ដែរឬទេ។ ពូវង បានប្រាប់ខ្ញុំថាក្រុមគ្រួសាររបស់ខ្ញុំទាំងអស់មិនអីទេឮដូច្នេះខ្ញុំស្រឡះចិត្តបន្តិចហើយប្រញាប់ប្រញាល់លា ពូវង ដើរយ៉ាងលឿនសម្ដៅទៅផ្ទះរបស់ខ្ញុំ ដែលមានចម្ងាយជិតមួយគីឡូម៉ែត្រ។ ខ្ញុំបានជួបម៉ែហើយបាននិយាយលាគាត់ទុកជាមុនខ្លាចក្រែងថ្ងៃណាមួយខ្ញុំត្រូវអង្គការយកទៅសម្លាប់ចោលដោយមិនបាននិយាយលាគាត់។ ក្រសែភ្នែកបង្កប់ដោយក្តីស្រឡាញ់អាណិតអាសូរនិងព្រួយបារម្ភរបស់ម៉ែខ្ញុំ កំពុងតែសម្លឹងមករកខ្ញុំ។ ម៉ែបានទៅយកដំឡូងឈើឆៅមួយមើមធំដែលគាត់លាក់ទុកយកមកឱ្យខ្ញុំហូបដើម្បីបន្តកម្លាំង។
ព្រឹកនេះខ្ញុំមិនឃើញមានមនុស្សដែលត្រូវអង្គការបញ្ជូនទៅសម្លាប់ទៀតទេ។ ពេលស្ទូងរួច សានសួរនាំខ្ញុំអំពីដំណើរការងារដកស្ទូងនៅក្នុងក្រុមរបស់ខ្ញុំ។ ពេលឮ សាន សួរដូច្នេះខ្ញុំដូចជាមានសង្ឃឹមរស់បន្តិចដែរ ព្រោះខ្ញុំគិតថាអង្គការនៅនិយាយរកខ្ញុំ។ នៅក្នុងរដូវវស្សាទឹកជំនន់ទន្លេកំពុងតែឡើងយ៉ាងលឿនហើយពីរថ្ងៃបន្ទាប់មក ទឹកបានឡើងមកលិចស្រែដែលយើងត្រូវស្ទូងទាំងអស់។ ការដកស្ទូងមិនអាចបន្តទៅទៀតបានឡើយ ហើយកងចល័តទាំងអស់ត្រូវបានរំសាយឲ្យត្រឡប់ទៅធ្វើការងារនៅតាមភូមិរៀងៗខ្លួនវិញ។ ប្រជាជនទាំងអស់ពុំមានការងារអ្វីធ្វើច្រើនឡើយក្រៅតែពីជួយធ្វើធ្នើរទុកដាក់របស់របរផ្ទះបាយ និងគ្រឿងហូបចុកឲ្យផុតពីទឹកខ្ញុំមានពេលសម្រាកកម្លាំងបន្តិចហើយអាចលួចបាញ់កណ្ដុរលង់ទឹកធ្វើជាម្ហូបអាហារយ៉ាងឆ្ងាញ់ពិសា។ ក្នុងរយៈពេលទឹកលិចនេះអង្គការបានប្រើខ្ញុំឲ្យធ្វើតែការងារមួយគត់គឺច្រៀកពុះត្នោតបន្តជាខ្សែវែងៗ ដើម្បីយកទៅចងសាកសពដែលអណ្ដែតទឹកយកមករុំនឹងដើមឈើទុកមួយកន្លែង។ ប្រជាជនថ្មី ៦២ គ្រួសារដែលមានមនុស្សសរុប ៦២ នាក់ នៅក្នុងភូមិក្រូច និងប្រជាជនថ្មីជាច្រើនគ្រួសារទៀតមកពីភូមិផ្សេងទៀតក្នុងស្រុកកំពង់ត្របែក ត្រូវបានអង្គការយកទៅសម្លាប់ពេលប៉ុន្មានថ្ងៃនេះ។
បន្ទាប់ពីទឹកស្រកអស់ហើយអង្គការបានឲ្យខ្ញុំធ្វើជាអ្នកបររទេះដើម្បីដឹកសំណាបនិងស្រូវហូបពីភូមិនានាដែលមិនលិចទឹកនិងមានសល់ស្រូវមកផ្គត់ផ្គង់ប្រជាជននៅក្នុងភូមិក្រូច។ ខ្ញុំជ្រើសរើសក្របីឡើងកមួយនឹមដែលធាត់ជាងគេហើយខិតខំប្រឹងថែទាំបានយ៉ាងល្អបំផុត។ ខ្ញុំគិតថាការងារបររទេះអាចនឹងជួយឲ្យខ្ញុំធូរស្បើយកម្លាំងច្រើន ហើយអាចទទួលបានបាយហូបប្រសើរជាងក្រុមផ្សេងទៀត។ លើសពីនេះនៅពេលចេញទៅដឹកស្រូវពីភូមិផ្សេងមកផ្គត់ផ្គង់ដល់ភូមិក្រូច ខ្ញុំអាចលួចស្រូវបានបន្តិចបន្តួចដើម្បីជួយសមាជិកគ្រួសាររបស់ខ្ញុំដែរ។ ខ្ញុំប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលដែលលួចស្រូវម្ដងៗ ព្រោះខ្ញុំដឹងយ៉ាងច្បាស់ថា ខ្ញុំនឹងមានទោសយ៉ាងធ្ងន់ធ្ងរបើអង្គការចាប់ខ្ញុំបាន។ពេលនេះម្នាក់ៗឈប់គិតពីភាពលំបាក ការឈឺចាប់ ឬការស្លាប់របស់អ្នកដទៃហើយ ប៉ុន្តែត្រូវធ្វើយ៉ាងណាដើម្បីសង្គ្រោះជីវិតខ្លួនឯងប៉ុណ្ណោះ។
រដូវវស្សាក្នុងឆ្នាំ ១៩៧៨ បាតុភូតទឹកជំនន់បានកើតឡើងចំនួនពីរដង។ បន្ទាប់ពីទឹកជំនន់លើកទីមួយបានស្រកចុះមានសាកសពជាច្រើនដែលផុសចេញពីរណ្តៅរួមស្ថិតនៅរាយពាសពេញតាមទីវាលយ៉ាងអាណោចអាធ័ម និងសង្វេគក្រៃលែង។ បន្ទាប់ពីទឹកជំនន់ស្រកចុះផុតពីវាលស្រែប្រហែលជាជាងពីរសប្តាហ៍ទឹកជំនន់លើកទី ២បានឡើងមកវិញម្ដងទៀត។
អង្គការមូលដ្ឋានហាក់ដូចជាមិនរឹតបន្តឹងប្រជាជនក្រោមការគ្រប់គ្រងលើទឹកដីរបស់ខ្លួនដូចពីមុនទៀតទេ។ ថ្នាក់ដឹកនាំស្រុកលែងមានកិច្ចសហការរវាងស្រុកមួយ និងស្រុកមួយទៀតហើយ។ស្ថានភាពពេលនេះបានធ្វើឲ្យប្រជាជនអាចលួចរត់ចេញពីស្រុកមួយទៅស្រុកមួយទៀតនឹងមិនត្រូវអង្គការចាប់ខ្លួនបញ្ជូនត្រឡប់មកវិញដូចមុនទៀតឡើយ។ មិនតែប៉ុណ្ណោះអង្គការថែមទាំងជួយការពារប្រជាជនភៀសខ្លួនទៀតផង។ ប្រជាជនមួយចំនួនបានរត់ចេញពីភូមិក្រូចចូលទៅស្រុកបាភ្នំ ឬស្រុកមេសាងហើយអ្នកខ្លះបានបន្តដំណើរទៅស្រុកផ្សេងទៀត។
ម៉ោងប្រមាណ ៨ យប់នៅខាងក្រោមផ្ទះរបស់ខ្ញុំដែលទឹកកំពុងលិចជម្រៅត្រឹមក្លៀកស្រាប់តែមានសំឡេងអុំទូកបន្លឺឡើងពីទិសខាងជើងផងនិងទិសខាងត្បូងផង។ ខ្ញុំផ្ទៀងស្ដាប់យ៉ាងយកចិត្តទុកដាក់និងទាញយកបង្វិចខោអាវកញ្ចាស់របស់ខ្ញុំមកដាក់ក្បែរមាត់ទ្វារផ្ទះបាយ។បន្តិចក្រោយមកសំឡេងរបស់ប្រធានផ្ទះបាយឈ្មោះលាន ស្រែកហៅខ្ញុំពីខាងត្បូងផ្ទះថាឲ្យខ្ញុំទៅជួយទប់ទឹកបន្តិចឮពាក្យនេះភ្លាម។ ខ្ញុំបានសម្រូតខ្លួនជាមួយខោខ្លីទៅក្នុងទឹកដោយបន្លឹមខ្លួននៅត្រឹមក និងរង់ចាំមើលសភាពការណ៍បន្តពីព្រោះខ្ញុំខ្លាចអង្គការប្រើពាក្យពេចន៍របៀបនេះដើម្បីចាប់ខ្ញុំ។ ខ្ញុំបានតាំងស្មារតីយ៉ាងរឹងមាំដោយតាំងចិត្តថា មិននៅសំងំស្ងៀមឲ្យអង្គការចាប់ខ្លួនយកទៅសម្លាប់ទេ។ ខ្ញុំតាំងចិត្តថាត្រូវតែធ្វើការតស៊ូ ឬរត់គេចចេញពីការចាប់ចង។ មួយរំពេចនោះខ្ញុំបានឮសំឡេងពូវង

និងយុវជនជាច្រើននាក់ទៀតនិយាយគ្នាភ្ញៀវខ្ញាក្នុងសភាពមិនភិតភ័យពីខាងជើងផ្ទះខ្ញុំដែលអាចឲ្យខ្ញុំសន្មត់បានថាអង្គការពិតជាហៅខ្ញុំឲ្យទៅជួយទប់ទឹកមែន។ បន្ទាប់មកខ្ញុំបានងើបឡើងពីទឹក ហើយទៅចូលរួមទប់ទឹកជំនន់ជាមួយនឹងប្រជាជនដទៃទៀត។
ព្រឹត្តិការណ៍មួយទៀតដែលធ្វើឲ្យប្រជាជនជ្រួលច្របល់និងរត់ចេញពីភូមិនោះ គឺការជ្រើសរើសគ្រួសារមួយចំនួនដើម្បីបញ្ជូនទៅតំបន់ ២៥ ។ គ្មាននរណាម្នាក់ដឹងពីស្ថានភាពពិតប្រាកដនៃតំបន់ ២៥នោះទេ ហើយមិនដឹងថា តើអង្គការបញ្ជូនប្រជាជនឲ្យទៅរស់នៅក្នុងតំបន់នោះមែន ឬគ្រាន់តែជាល្បិចដកយកប្រជាជនទៅសម្លាប់ដូចមុនទៀតនោះទេ។ ខ្ញុំធូរស្បើយក្នុងចិត្តបន្តិច ព្រោះសមាជិកគ្រួសាររបស់ខ្ញុំគ្មានឈ្មោះត្រូវបញ្ជូនទៅរស់នៅក្នុងតំបន់ ២៥ នោះទេ។
នៅខែធ្នូឆ្នាំ១៩៧៨ ពាក្យចចាមអារាមថានឹងមានចលនាបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់អង្គការបានកើតឡើងនៅតំបន់ខាងកើតប្រទេសកម្ពុជា តតាំងជាមួយកងទ័ពខ្មែរក្រហម។ មេខ្មែរក្រហមតាមភូមិបានទទួលបញ្ជាពីថ្នាក់លើហើយស្រាវជ្រាវប្រមូលយកវិទ្យុដែលមាននៅសេសសល់បន្តិចបន្តួចឲ្យអស់ពីប្រជាជន។ ជាមួយគ្នានេះដែរ នៅក្រៅម៉ោងធ្វើការងារ កាំបិតពូថៅ ដែលប្រជាជនប្រើប្រាស់ប្រចាំថ្ងៃទាំងអស់ត្រូវបានអង្គការ ប្រមូលយកទៅទុកនៅតាមរោងបាយរួមដែរ។ ( នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print