ខេត្តបាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះថា៖ មានករណីហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់ និងគប់ម៉ូតូ) មួយកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២ និង៣០នាទី ស្ថិតនៅចំណុចក្រុមទី០១ ភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ និងដុំថ្មគប់ទៅលើម៉ូតូ របស់ជនរងគ្រោះឈ្មោះ ផង់ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលអោយខូចខាតម៉ូតូដូចជា ៖
-ត្រូវចំចង្កៀងភ្លើងខាងមុខខូចខាតទាំងស្រុង
-អាវម៉ូតូខាងឆ្វេងបែកខូចខាតទាំងស្រុង
-សំបកកង់ម៉ូតូក្រោយបែកខូចខាតទាំងស្រុង
-ចង្កៀងភ្លើងនិងកាតាប៊ូក្រោយបាក់ដាច់ខូចខាតទាំងស្រុង ។
ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០៦នាក់ ៖
១-ឈ្មោះ រ៉ សាលីអាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
២-ឈ្មោះ លី អិលយ៉េះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣-ឈ្មោះ លី ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
៤-ឈ្មោះ ណាត សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
៥-ឈ្មោះ ភាព ខាវី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
៦-ឈ្មោះ រ៉ុង ថារីន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។
ក្រោយពីសាកសួរជនសង្ស័យខាងលើបានសារភាពថា បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ និងយកដុំថ្មគប់ទៅលេីម៉ូតូ របស់ជនរងគ្រោះ បណ្តាលអោយខូចខាត ពិតប្រាកដមែន។ មូលហេតុ៖ កាប់និងគប់ (ច្រឡំម៉ូតូ) ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ