ខេត្តរតនគិរី៖លោកលី ធុជ ទេសរដ្ឋមន្ត្រីចុះជួយខេត្តរតនគិរី នឹងអនុប្រធានទី២អគ្គលេខាធិការ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅស្រុកបរកែវ ខេត្តរតនគិរី។
ដោយសារសង្គ្រោមក្នុងតំបន់ឥណ្ឌូចិននៅទស្សវត្សន៍៦០-៧០ និងសង្គ្រាមស៊ីវិលរាំរ៉ៃបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលកេរ្តិ៍មរតដ៏ធ្ងន់ធ្ងរនៃការបន្សល់ទុកនូវមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម”។ នេះជាការលើកឡើងរបស់លោក លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជាក្នុងឱកាសនេះដែរ លោកអញ្ជើញជួបសំណេះសំណាលសាកសួសុខទុក្ខជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅសាលាស្រុកបរកែវ ខេត្តរតនគិរី។
លោកទេសរដ្ឋមន្ត្រីបន្តថា ចាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះការងារបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់សំណាក់រាជរដ្ឋាភិបាលកម្ពុជាយើង។ ជាក់ស្តែងលទ្ធផលបោសសម្អាតមីនចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៦ផ្ទៃដីដែលបោសសំអាតចំនួន១,៤៩៣,០៧៧,៣៣១ម៉ែត្រក្រឡា ទុកជូនប្រជាពលរដ្ឋបង្ករបង្កើនផល។ លោក លី ធុជ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានសម្តែងនូវការអាណិតអាសូនិងស្រលាញ់ចំពោះជនពិការគ្រប់រូប ជាពិសេសជនពិការដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលភាពពិការរបស់បងប្អូនគឺពិការតែអាវៈយវៈតែបងប្អូនមិនបានពិការបេះដូងនោះឡើយ។ ជនពិការនៅទូទាំងប្រទេសត្រូវបានរាជរដ្ឋាភិបាលគិតគូរយកចិត្តទុកដាក់ដោយមិនបានបោះបង់ជនពិការអោយនៅឯកកោ ពោលគឺបងប្អូនជនពិការអាចរស់នៅក្នុងសង្គមស្មើសិទ្ធិ ស្មើមុខ ស្មើមាត់ដូចជនមិនពិការដែរ។ ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រីលី ធុជ បានផ្តល់អំណោយដល់ជនពិការ១១នាក់ក្នុងម្នាក់អង្ករ៥០គីឡូក្រាម ត្រីខ១កេសធំ ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ មី១កេសតូច ទឹកសុទ្ធ១កេស ទឹកក្រូច១កេស និងថវិការ២០ម៉ឺនរៀល។ ជូនបងប្អូនប្រជាពលរដ្ឋចូលរួម៥០នាក់ ម្នាក់២ម៉ឺនរៀលនិងឱសថបំបាត់ជំងឺផ្តាសសាយ៤បន្ទះផងដែរ។ នៅព្រឹកថ្ងៃដដែលនោះដែរលោកទេសរដ្ឋមន្ត្រីលី ធុជ ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរបស់ស៊ីម៉ាក់នៅការដ្ឋានមួយកន្លែង ស្ថិតនៅភូមិវ៉ក ឃុំកាចូន ស្រុកវ៉ើនសៃ។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកស៊ីម៉ាក់ក្នុងការដ្ឋានខាងលើដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរំដោះដីស្រែចំការជូនប្រជាពលរដ្ឋយើង៕
ដោយវុទ្ធឦសាន្ត