ខេត្តរតនគិរី៖ អ្នកញៀនល្បែងជល់មាន់ម្នាក់ និងជាម្ចាស់សង្វៀនត្រូវបានសមត្ថកិច្ចក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលសង្កាត់បឹងកន្សែងឃាត់។
ការចុះឃាត់ខ្លួនម្ចាស់សង្វៀនមាន់បានធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១២ ខែសីហាឆ្នាំ២០១៦នៅចំណុចផ្ទះឈ្មោះមំ ម៉ុន ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
លោក តេង សាវុធ អធិការរងទទួលផែនយុត្តិធម៏បានបញ្ជាក់ថាៈក្រុមអ្នកញៀនល្បែងជល់មាន់មានគ្នាប្រហែល១០ទៅ១៥នាក់ហើយអ្នកលេងមានតែ៦ទៅ៧នាក់ប៉ុណ្ណោះលុះឃើញសមត្ថកិច្ចចុះទៅដល់កន្លែង ក្រុមអ្នកញៀនល្បែងក៍ដាក់មេប្រូចតែម្តងបន្សល់ទុកតែមាន់មួយក្បាលខ្នាយដែកមួយគូ ជញ្ជីងសម្រាប់ថ្លឹងមាន់និងម្ចាស់ផ្ទះដែលមានឈ្មោះមំ ម៉ុនភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិភ្នំស្វាយសង្កាត់បឹងកន្សែង ក្រុងបានលុង។
បច្ចុប្បន្នម្ចាស់សង្វៀនមាន់សមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦ នេះដើម្បីចាត់ការបន្តតាមនិតិវិធី៕
ដោយៈ វុទ្ធឦសាន្ត