សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្ដការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ. នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គ.ស.រ.ជ. និងសភាពាណិជ្ជកម្មកម្ពុជា ដែលជាតំណាងវិស័យឯកជន សរុបប្រមាណ ៩០ រូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ០៣ រួមមាន៖ ១)-ពិនិត្យលើ វឌ្ឍនភាពការងាររបស់ ក.អ.ក. ពាក់ព័ន្ធនឹងយន្តការ G-PSF, ២)- កិច្ចពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហា ប្រឈម និងសំណូមពរ ក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនារវាងក្រុមការងារផ្នែករាជរដ្ឋាភិបាល និងផ្នែក ឯកជនតាមវិស័យទាំង១៦ និង៣)-ពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៤។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានសម្តែងនូវសេចក្តី សោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជា សមាជិក គ.ស.រ.ជ. និងតំណាងសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និង បានជម្រាបជូនអង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖ របៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ G-PSF ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជនលើកទី១៩, សាវតារនៃការបង្កើត ការពង្រឹង និងពង្រីកតួនាទីភារកិច្ច ក៏ដូចជាវិសាលភាពការងារ របស់ គ.ស.រ.ជ. និង ការពង្រីកវិសាលភាពជាបន្តបន្ទាប់របស់ក្រុមការងារតាមវិស័យនៃយន្តការ G-PSF ក៏ ដូចជាវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្នុងយន្តការ G-PSF នាពេលកន្លងមក។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពវិនិយោគ នៅកម្ពុជា ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃ កំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ, វឌ្ឍនភាពនៃការងាររៀបចំ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះ បញ្ជីគម្រោងវិនិយោគតាម Online (cdcIPM), យន្តការជំរុញ និងទាក់ទាញវិនិយោគពីបរទេស, ការផ្តល់កិច្ច សម្រួល និងសេវាថែទាំវិនិយោគ ព្រមទាំងយន្តការនៃកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋាភិបាល តំណាងដោយ ក.អ.ក. ជាមួយនឹងផ្នែកឯកជន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះនានាកន្លងមកផងដែរ។

បន្ទាប់មក តំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមវិស័យឯកជន បានថ្លែងនូវមតិស្វាគមន៍ ដោយ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមាននូវកិច្ចប្រជុំ គ.ស.រ.ជ. នេះឡើង ព្រមទាំងបានបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងការផ្តល់កិច្ចសហការនានា សំដៅជំរុញដល់ដំណើរការនៃការអនុវត្តយន្តការ G-PSF ឱ្យកាន់តែមាន ភាពប្រសើរឡើងថែមមួយកម្រិតទៀត។

បន្ទាប់ពីមតិស្វាគមន៍របស់តំណាងសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឃុន ហេង អគ្គលេខាធិការ រងគណៈកម្មាធិការវិនិយោគកម្ពុជា និង លោក សេង ស៊ុនលី ប្រធានស្តីទីនាយកដ្ឋានវិភាគយុទ្ធសាស្ត្រ នៃការវិនិយោគឯកជន ក៏បានធ្វើបទបង្ហាញសង្ខេបស្តីពីកិច្ចការងារសំខាន់ៗចំនួន ០២ ក្នុងនោះរួមមាន៖ ១)-វឌ្ឍនភាពការងាររបស់ ក.អ.ក. ពាក់ព័ន្ធនឹងយន្តការ G-PSF និង ២)-ការត្រៀមរៀបចំរបាយការណ៍ វឌ្ឍនភាពការអនុវត្តវិធានការនៃយន្តការ G-PSF ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ បន្ទាប់ពីបទបង្ហាញខាង លើនេះ ក៏មានការបើកនូវវេទិកាសម្រាប់កិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យសមាជិកអង្គប្រជុំអាចមានឱកាស លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរសំខាន់ៗចំពោះមុខ ដើម្បីជំរុញ និងគាំទ្រដល់ដំណើរការនៃការធ្វើ ឱ្យកាន់តែប្រសើរឡើងនូវយន្តការ G-PSF នេះផងដែរ។

ក្នុងកិច្ចពិភាក្សាខាងលើ តំណាងសភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការកត់សម្គាល់ បញ្ហាប្រឈមចម្បងៗ និងសំណូមពរសំខាន់ៗមួយចំនួនរបស់វិស័យឯកជនដែលពាក់ព័ន្ធទៅនឹងការ អនុវត្តការងារក្នុងយន្តការ G-PSF កន្លងមក ក៏ដូចជាការកំណត់នូវរបបនៃកិច្ចប្រជុំរវាងក្រុមការងារផ្នែក ឯកជន និងផ្នែករាជរដ្ឋាភិបាលតាមវិស័យទាំង១៦ ផងដែរ។

...

ជាលទ្ធផលអង្គប្រជុំ បានប្រព្រឹត្តទៅដោយរលូន និងដោយមានការចូលរួមនូវមតិយោបល់ យ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកាអង្គប្រជុំ ទៅលើចំណុចសំខាន់ៗ ដែលផ្នែកឯកជនបាន លើកឡើង និងសម្រេចលើកយកសំណូមពរខាងលើ ដាក់បញ្ចូលទៅក្នុងស្តង់ដារនីតិវិធីប្រតិបត្តិ (SOP) សម្រាប់គោរពជូនកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងសម្រេច នាពេលខាងមុខ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print