អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ

ចែករំលែក៖

ខេត្តសៀមរាប÷ តួប៉មប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំ នៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលធ្លាប់តែប្រឈមការខូចខាតកម្រិតខ្ពស់ បានប្រែក្លាយជាភាពរឹង មាំ និងល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមអ្នក ជំនាញនៃអាជ្ញាធរជាតិអប្សរាចំណាយពេលប្រហែល៧ ខែ ដើម្បីជួយសង្គ្រោះរចនាសម្ពន្ធជាច្រើនផ្នែកមក។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ក្រុមការងារជួសជុលបានពង្រឹងរចនាសម្ពន្ធរបស់ប្រាសាទឥដ្ឋអាយុកាលជាង១ពាន់ឆ្នាំនេះទាំងមូលឡើងវិញ។ ជាមួយគ្នានេះ ក៏មានការជួសជុលផ្តែរ សសរផ្អោប ទ្វារបញ្ឆោតផ្នែកខាង លិច និងខាងជើង ព្រមទាំងដំបូល។  «នៅតាមជ្រុង
នីមួយៗក៏បានពង្រឹងដោយប្រើលក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យទឹកដក់ក្នុងប្រាសាទ។ ក្រុម ការងារក៏ប្រើបច្ចេកទេសនៃការជួសជុលនៅតាមរន្ធទឹក ដែលមានស្នាមប្រេះ ដោយបិទរន្ធទឹកជាថ្មី ដើម្បីកុំឱ្យទឹកហូរចូលទៅក្នុងប្រាសាទ»។

ប្រធានក្រុមអភិរក្សដដែលបានឱ្យដឹងទៀតថា ក្រុម ការងារក៏បានរើឥដ្ឋដែលពុកផុយ ឬក៏ឥដ្ឋដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចេញ ហើយដាក់ឥដ្ឋថ្មីមួយចំនួនមកជំនួសនៅផ្នែកខាងក្នុង ហើយនៅផ្នែកខាងក្រៅ គឺប្រើឥដ្ឋចាស់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងរក្សាសោភ័ណភាពបែបបុរាណផង។

...

តួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ទទួលរងការ ខូចខាតជាចម្បងគឺ បណ្ដាលមកពីបញ្ហាទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទធ្វើឱ្យមានប្រតិកម្មជាមួយអាចម៍ប្រចៀវបង្កើតទៅជាជាតិអាស៊ីតម្យ៉ាង។ កត្តាអាយុកាលចំណាស់របស់សំណង់ និងអាកាសធាតុ ក៏បានរួម ចំណែកធ្វើឱ្យសំណង់ប្រាសាទខូចខាត ដូចជាធ្វើឱ្យឥដ្ឋនៅផ្នែកខាងក្នុងជាច្រើនមានពណ៌ខ្មៅហើយពុកផុយ  ដែលទឹកភ្លៀងអាចហូរចូលបានយ៉ាងងាយធ្វើឱ្យរុក្ខជាតិជាច្រើនដុះលូតលាស់ផងដែរ។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមជួសជុលតួប៉មប្រាសាទឥដ្ឋនៅជ្រុងឦសាន នៃប្រាសាទព្រះគោនេះ តាំងតែពីខែឧសភា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះ បានទទួលជោគជ័យ និងបញ្ចប់ជាស្ថាពរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print