ឯកឧត្ដម ឃួង ស្រេង ក្រុងពាលីតាមបែបសាសនាដើម្បីសុំ សុំសេចក្តីសុខចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ ទឹកម្ចាស់ដី សុំសេចក្តីសុខចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ឱ្យបានសេចក្ដីសុខសប្បាយហើយប្រព្រឹទ្ធទៅដោយរលូននិងប្រកបដោយជោគជ័យ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ដំណើរការនៅរសៀលថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ឬការសាងសង់សំណង់អ្វីមួយ ជាទំនៀមទំលាប់ខ្មែរយើងតែងបានប្រារព្វនូវពិធីនេះមិនដែលខនខានឡើយ។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពការរៀបចំសណ្តាប់ធ្នាប់ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀម កម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជាង៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន៥ ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
សូមបញ្ជាក់ថា៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តិការណ៍នេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា ក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA
ដោយគ្រោង អ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះដែរ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានការរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះ ឈ្នះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀប រយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លង កាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print