ភ្នំពេញ៖ តុលាការ បានកោះហៅលោកស្រី ឆន សុគន្ធា ជាប្រធានផ្នែកស្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី នាព្រឹកថ្ងៃទី២៤ ខែសីហា ខាងមុខនេះ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី ។
ដោយឡែក លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺក្នុងនាមជាសាក្សី នាព្រឹកថ្ងៃទី១៨ ខែសីហា ផងដែរ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់តាមបណ្ដាញសង្គម Telegram នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះថា ” លោកចៅក្រមស៊ើបសួរ ធាម ចន្ទ័ពិសិដ្ឋ បានកោះហៅឈ្មោះ ឆន សុគន្ធា ជាប្រធានផ្នែកស្រ្តីសមាគមអាដហុក មកសាកសួរជាសាក្សី នៅក្នុងសំណុំរឿងសូកប៉ាន់សាក្សីដែលបានចោទប្រកាន់លើមន្រ្តីអាដហុក៤រូប នៅថ្ងៃទី ២៤ សីហា ២០១៦ ម៉ោង ៩ ព្រឹក ” ។
លោក សុផាណា បន្ថែមថា ដីកាកោះហៅនេះ ធ្វើឡើងកាលពីពីថ្ងៃទី១២ ខែសីហា កន្លងមក ។
មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕
ដោយ៖ ចេស្តា