ភ្នំពេញ៖ សិស្សក្រីក្រ១០នាក់រៀននៅអនុវិទ្យាល័យដំបូកខ្ពស់ដែលទទួលបានជ័យលាភីពីលេខ១ដល់លេខ៥ និងសិស្សក្រីក្រមកពីអនុវិទ្យាល័យសន្សំកុសល៥នាក់ផងដែរនោះបាន មកទទួលអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ តាមរយៈលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ និងលោក សួស សារិន ចៅ សង្កាត់បឹងទំពន់ លោកស្រី ខឹម វណ្ណី នាយករងរដ្ឋបាលសាលាខណ្ឌព្រមទាំងមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូផងដែរ។
អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីចំពោះបងប្អូនកូនក្មួយសិស្សានុសិស្សនាឱកាសនេះផងដែរ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យក៏បានផ្តល់នូវការណែនាំដល់សិស្សទាំងអស់ឲ្យមានការយកចិត្តទុកដាក់ក្នុងការរៀនសូត្រស្តាប់គ្រូ ជាពិសេសជៀសវាង ការសេពគ្រឿងញៀន កុំគេចសាលាដើរលេងជាដើម។
អំណោយមនុស្សធម៌ដែលនាំមកចែកជូនដល់សិស្សក្រីក្រទាំងនោះដោយក្នុងម្នាក់ៗទទួលបានកង់ជប៉ុន១គ្រឿង អង្ករ១បាវ មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ រួមទាំងថវិកាចំនួន២ម៉ឺនរៀលផងដែរ។ ក្នុងនោះផងដែរលោកប្រធានអនុសាខាកាកបាទក្រហមក៏បានចែកអំណោយមនុស្សធម៌ដល់គ្រួសារទីទល់ក្រ ជួបការលំបាកគ្មានទីពឹង១១គ្រួសារ៕
ដោយ៖ តាឡឹម