ពលរដ្ឋ​១៤១គ្រួសារទទូចសុំការអន្តរាគមន៍ពីសម្តេចតេជោនាយករដ្ឋមន្ត្រីខណៈមន្ត្រីខិលខូចឃុបឃិតលក់ប្រឡាយបង្ហូរទឹកធ្វើស្រែទៅឲ្យក្រុមឈ្មួញ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជិត ២០០នាក់តំណាងឲ្យប្រជាពលរដ្ឋជាង ៣០០គ្រួសារបាននាំគ្នាប្រតិកម្មយ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកពារាំង ខេត្តព្រៃវែង ខណៈអាជ្ញាធរមិនបានដោះស្រាយបញ្ហាជូនពួកគាត់ទាក់ទងនឹងបញ្ហាឈ្មួញទិញដីហើយរំលោភ លុបប្រឡាយបង្ហូរទឹករបស់រដ្ឋធ្វើកម្មសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ ។

កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ នេះ ប្រជាពលរដ្ឋបានប្រមូលម្តុំគ្នានៅត្រង់ប្រឡាយបង្ហូរទឹកដែលមានទំនាស់ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដោយពួកគាត់លើកឡើងថា ប្រឡាយបង្ហូរទឹកមានចំនួន ២ អមសងខាងផ្លូវជាតិលេខ៨ នឹងមានផ្លូវលំល្មមបររទេះគោបាន ប៉ុន្តែរហូតមកដល់ឆ្នាំ២០១០ នេះ ស្រាប់តែមានក្រុមឈ្មួញមានលុយមកចចារឃុបឃិតគ្នាជាមួយអាជ្ញាធរធ្វើការទិញលក់ដីចំណីផ្លូវជាប់នឹងប្រឡាយ ទឹកទាំងពីរ ហើយពេលដែលឈ្មួញទិញដីចំណីផ្លូវនោះបានហើយ គេបានចាប់ផ្តើមវាស់វែងរំលោភយកទាំងប្រឡាយបង្ហូរទឹកថែមទេ ដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹកមិនអាចបង្កបង្កើនផលដំណាំស្រូវ នឹងដំណាំផ្សេងៗបាន ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ក្រោយពីមានបញ្ហានេះពួកគាត់បានផ្តិតមេដាយប្តឹងទៅអាជ្ញាធរស្រុកពារាំង ដើម្បីសុំការអន្តរាគមន៍ ប៉ុន្តែការដោះស្រាយរបស់អាជ្ញាធរស្រុកគ្មានឥទ្ធិពលចំពោះបញ្ហានេះឡើយ ដូច្នេះប្រជាពលរដ្ឋបានប្តឹងដល់សាលាខេត្តព្រៃវែង ដោយអភិបាលខេត្តព្រៃវែង ចាស់ លោក អ៊ួង សាមី បានចារលើបណ្តឹងរបស់ប្រជាពលរដ្ឋ ដោយយល់ស្របឲ្យអាជ្ញាធរស្រុកពារាំងត្រួតពិនិត្យបញ្ហានេះជូនពួកគាត់ឡើងវិញ ប៉ុន្តែបើទោះបីមានចំណារពីអភិបាលខេត្តក៏ដោយនៅតែអាជ្ញាធរស្រុកមិនអាចស្តារប្រឡាយទឹកទាំងពីរ ជូនប្រជាពលរដ្ឋ បានទេ ។

ជុំវិញបញ្ហានេះលោក ហី ធួក អភិបាលស្រុកពារាំង ទើបមកកាន់ដំណែងថ្មីបានប្រាប់ តាមទូរស័ព្ទថា មិនមែនអាជ្ញាធរស្រុកព្រងើយកន្តើយមិនដោះស្រាយជូនប្រជាពលរដ្ឋដូចការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទេ គឺបញ្ហានេះកើតឡើងតាំងពីឆ្នាំ២០១០ ដែលអភិបាលស្រុកចាស់នៅកាន់ដំណែងឯណ្តោះ ហើយលោកបានព្យាយាមសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដែលទិញចំណីផ្លូវនឹងប្រជាពលរដ្ឋឲ្យមានការព្រមព្រៀងគ្នា ប៉ុន្តែភាគី ទាំងពីរហាក់មិនទទួលយកការដោះស្រាយឡើយ ដូច្នេះលោកបានបញ្ជូនឯកសារទាំងអស់ដល់មន្ទីរសូរិយោដីខេត្ត ដើម្បីជួយចុះពិនិត្យជាក់ស្តែងនៅបញ្ហានេះ លោកបញ្ជាក់ថា ប៉ុន្មានថ្ងៃខាងមុខលោកនឹងហៅម្ចាស់ដីរួមជាមួយប្រជាពលរដ្ឋជួបគ្នាដើម្បីដោះស្រាយម្តងទៀត ។

ហើយចំពោះបញ្ហានេះមិនអាចសុំការបំភ្លឺពីលោក ជា សាម៉េតធី អភិបាលខេត្តព្រៃវែងដែលទើបមកកាន់ដំណែងថ្មីបានទេ ដោយសារទូរស័ព្ទជួបគាត់ ចំពេលលោកកំពុងប្រជុំមិនមានពេលបកស្រាយ ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់ប្រឡាយទឹកបានទទូចស្នើសុំការអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពួកគាត់ឲ្យបានប្រឡាយទឹកដើម្បីប្រើប្រាស់វិញផង ព្រោះមានតែសម្តេចទេដែលអាចជួយរកយុត្តិធម៌ជូនពួកគាត់បាន ព្រោះពួកគាត់គ្រាន់តែចង់បានប្រឡាយដូចដើមវិញ ទុក្ខជាសម្បត្តិតែប៉ុណ្តោះ ពួកគាត់គ្មានបំណងចង់បានយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនទេ ៕

2  13

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print