ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបង្ខំចិត្តដកដំណែងរដ្ឋមន្ត្រីថាមពល និងធុនធានធម្មជាតិ លោក Arcandra Tahar ដោយសារតែលោកមានសញ្ជាតិពីរគឺអាមេរិក និងឥណ្ឌូនេស៊ី។
ព័ត៌មានខាងលើត្រូវបានរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យប្រធានាធិបតីលោក Pratikno ប្រកាសបន្ទាប់ពីគេរកឃើញថា លោកមានសញ្ជាតិដល់ទៅពីរ។ នៅក្នុងសេចក្តីប្រកាសខ្លីកាលពីថ្ងៃទី១៦ ខែសីហា លោក Pratikno បញ្ចក់ថា ប្រធានាធបិតីវីដូដូ បានជ្រើសរើសលោក Luhut Panjaitan រដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាដែនសមុទ្រកាន់តំណែងជំនួសជាបណ្តោះអាសន្នរហូតលដល់ជ្រើរើសបានរដ្ឋមន្ត្រីថ្មី។
អតីតរដ្ឋមន្ត្រី Arcandra Tahar ធ្លាប់រស់នៅអាមេរិកជិត២០ឆ្នាំពេលដែលលោកជាអ្នកឯកទេសទទួលបន្ទុកថាមពលប្រេង។ លោក Arcandra Tahar ទើបតែបានតែងតាំងជារដ្ឋមន្ត្រីកាលពីថ្ងៃទី២៧ ខែកក្កដា ជំនួសលោក Sudirman Said នៅក្នុងការកែទម្រង់ប្រព័ន្ធដឹកនាំរបស់ប្រធានាធបិតីវីដូដូ។
តាមច្បាប់ឥណ្ឌូនេស៊ី មិនអនុញ្ញាតឲ្យពលរដ្ឋដែលមានសញ្ជាតិពីរកាន់ដំណែងនៅក្នុងជួររដ្ឋាភិបាលឡើយ។ កន្លងមកលោក Arcandra Tahar ក៏បានច្រានចោលការចោទប្រកាន់ខាងលើផងដែរ។ ប៉ុន្តែពេលនេះប្រធានាធិបតីចាំបាច់ត្រូវដកដំណែងចៀសវាងមានរឿងអាស្រូវនៅក្នុងជួររដ្ឋាភិបាលរបស់លោក៕
ប្រែសម្រួល៖ ម៉ែវ សាធី