ក្លិបបាល់ទាត់ Everton បានសម្រេចជោគជ័យក្នុងការទិញខ្សែបម្រើ Yannick Bolasie របស់ក្លិប Crystal Palaceនៅក្នុង ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសដូចគ្នាក្នុងតម្លៃខ្លួន៣០លានផោន ។
ខ្សែបម្រើស្លាបវ័យ២៧ឆ្នាំ Yannick Bolasie បានចុះកិច្ចសន្យាលេងនៅក្នុង ទឹកដី Goodison Park របស់ក្លិប Everton រហូតដល់ទៅ៥ឆ្នាំពោលគឺដល់ឆ្នាំ២០២១។ រូបគេបានក្លាយទៅជាកីឡាករទី៤ដែល លោកគ្រូបង្វឹក Ronald Koeman ទិញមក លេងឲ្យក្រុម Evertonសម្រាប់រដូវកាលថ្មី។
កីឡាករអន្តរជាតិកុងហ្គោ Yannick Bolasieបានថ្លែងនៅក្នុងគេហទំព័រជាផ្លូវការ របស់ក្លិបថា “ខ្ញុំពិតជាអន្ទះសាចង់ពាក់អាវរបស់ក្លិប Everton។
Everton គឺជាក្លិបធំ ដែលខ្ញុំធ្លាប់បានស្គាល់ពិសេសខ្ញុំធ្លាប់បានលេងប៉ះក្លិបនេះជាច្រើនលើកច្រើនសាហើយ។ ហេតុផលដែលធ្វើឲ្យខ្ញុំមកកាន់ទីនេះគឺមិនមែនតែដោយសារតែទឹកលុយនោះទេ គឺដោយសារតែមហិច្ឆតារបស់ក្លិបEverton និងគោលដៅរបស់ពួកគេ ។ តែ ការពិតគឺខ្ញុំគ្រាន់តែចូលចិត្តលេងបាល់ទាត់ហើយវាកាន់តែគួរឲ្យចាប់អារម្មណ៍សម្រាប់ ខ្ញុំគឺការរៀនសូត្រពីលោកគ្រូបង្វឹក Ronald Koeman” ៕
ដោយ៖ ដេវីត