ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (Primary Learning Program) និងមានការចូល រួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្តុះ បណ្តាលគ្រូនិងមានការចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ
Zoom ពី អភិបាលនៃគណៈអភិបាល ក្រុងស្រុក ខណ្ឌ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់សរុបប្រមាណ ៥០០នាក់។
ថ្នាលបឋម PLP (PLP EdTech) ត្រូវបានអភិវឌ្ឍឡើង ដើម្បីគាំទ្រដល់ការរៀននិងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្ស និងមានមុខងារដូចខាងក្រោម៖
– សិស្សអនុវត្តសកម្មភាពសិក្សា និងសំណួរតេស្តលើមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀត ដើម្បីអភិវឌ្ឍបំណិនត្រិះរិះពិចារណា ឱ្យកាន់តែស៊ីជម្រៅ
– គ្រូបង្រៀនអាចតាមដានសកម្មភាពសិក្សា និងលទ្ធផលសិក្សារបស់សិស្ស ដើម្បីរៀបចំផែនការ បង្រៀនស្របតាមសមត្ថភាពសិស្ស។
– គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សា អាចប្រើប្រាស់ថ្នាលបឋម PLP សម្រាប់អភិវឌ្ឍវិជ្ជាជីវៈជាប់ជាប្រចាំ តាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញ ដើម្បីទទួលបានក្រេឌីត
– មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមគំរូតេស្តរង្វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ និងទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥)។
– មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ អាចតាមដានការសិក្សា និងផ្តល់កិច្ចសហការក្នុងការជួយសិស្សទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែជាដើម។
មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបឋមសិក្សា និងអ្នកពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលនេះឡើង ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំបឋមសិក្សា តាមរយៈការទាញយកប្រយោជន៍ជាអតិបរិមាពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំនៅកម្ពុជា ជាពិសេសឆ្លើយតបនឹងទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការការលើកកម្ពស់ការបណ្តុះបណ្តាល និងការបំប៉នបន្ថែមដល់គ្រូបង្រៀនលើការអនុវត្តវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យា ថ្នាក់ដំបូង មានឈ្មោះថា «កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» ដើម្បីបំប៉នបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ និងអ្នកពាក់ព័ន្ធ ឱ្យមានសមត្ថភាពសមស្របក្នុងការបង្រៀន និងជួយគាំទ្រដល់សិស្ស ឱ្យទទួលបានចំណេះដឹងជាមូលដ្ឋាន ផ្នែកអំណាន សំណេរ និងគិតលេខ ធានាសិស្សឱ្យចេះអាន សរសេរ និងគិតលេខបានល្អប្រសើរ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់អង្កភាពជំនាញ បន្តអភិវឌ្ឍថ្នាលបឋម គាំទ្រនិងលើកកម្ពស់ការបណ្តុះ បណ្តាលនៅគ្រឹះស្ថានបណ្តាលគ្រូបង្រៀនដោយធានាថា គ្រូបង្រៀនចេញថ្មីមានសមត្ថភាពប្រើប្រាស់កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យា ទទួលស្គាល់គ្រូបង្រៀនដែលមានការប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប្រចាំ និងការប្រើប្រាស់សូចនាករសម្រាប់វាយតម្លៃការបំពេញ ការងាររបស់គ្រូបង្រៀន និងសាលារៀន។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានផ្តោតអាទិភាពខ្ពស់លើការរៀននិងបង្រៀនមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ដំបូង ដោយខិតខំអភិវឌ្ឍសមត្ថ ភាពវិជ្ជាជីវៈគ្រូបង្រៀន គ្រូបង្គោល និងគ្រូឧទ្ទេសជាប់ជាប្រចាំ រួមមាន ខ្លឹមសារមេរៀន វិធីសាស្ត្របង្រៀន ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន ការបង្កើតបណ្ណាល័យទំនើប ការអភិវឌ្ឍភាពជាអ្នកដឹកនាំគ្រប់ គ្រង ការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ដ កម្មវិធីសិក្សាគរុកោសល្យ និងការរៀបចំប្រព័ន្ធធានាគុណភាពផ្ទៃក្នុងជាដើម។
ជាថ្មីម្តងទៀត ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារពាក់ព័ន្ធ ដែលបានរៀបចំថ្នាលបឋម PLP (Primary Learning Program) នេះឡើងក្នុងការលើកកម្ពស់ការអប់រំផ្នែកឌីជីថលនៅកម្ពុជា បន្ទាប់ពី E-Learning និងបានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ ឱ្យបន្តពិនិត្យតាម ដាន និងអនុវត្តកញ្ចប់អំណានដំបូង និងគណិតដំបូង បណ្តុះបណ្តាលគ្រូបង្រៀនបន្ថែមឱ្យឆ្លើយតបនឹងយុគ សម័យឌីជីថល ជាពិសេសប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំទាំងការរៀន និងបង្រៀន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងគោលដៅអភិវឌ្ឍន៍ធន ធានមនុស្សឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕