ភ្នំពេញ÷ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿងបានរងការខូចខាតខណៈបើកបរសុខៗក៏មានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមបាញ់ទឹកពន្លត់ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង០១និង៥០នាទីឈានចូល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលអគ្គិភ័យឆាបឆេះនោះម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A -3989 ជាប្រភេទរថយន្តក្រឡុកស៉ីម៉ងត៍ អ្នកបើកបរមិនស្គាល់ឈ្មោះ។ សមត្ថកិច្ចបានឱ្យដឹងទៀតថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឡានជាប់ហ្វ្រ័ងដៃ ហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នទើបបង្កជាអគ្គិភ័យឆាបឆេះបណ្តាលឲ្យខូចខាតកង់ឡានផ្នែកខាងស្ដាំ តែមិនមានអ្នករបួសឬប៉ះពាល់ដល់អ្នកដទៃនោះទេ។
ក្រុមពន្លត់អគ្គិភ័យបានជួយបាញ់ទឹកឱ្យរលត់ទៅវិញនៅវេលាម៉ោង០២:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ខែមករាហើយអគ្គិភ័យនេះត្រូវបានពន្លត់អស់ទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១គ្រឿង ស្មើ ៤មែត្រគូប៕ ដោយ÷ចន្ទ លីហ្សា