ភ្នំពេញៈ មិនមែនជាការរិះគន់ក្រុមមន្ត្រីពេទ្យសត្វក្រសួងកសិកម្មនោះទេ តែការងារចុះបង្ក្រាបនិងត្រួតពិនិត្យសត្វជ្រូកដែលនាំចូលពីប្រទេសជិតខាងនេះបានធ្វើឡើង រៀងរាល់ឆ្នាំ នៅពេលដែលតម្រូវ ការជ្រូកខ្វៃកើនឡើងទ្វេរដងជាពិ សេសក្នុងពិធីបែបប្រពៃណីចិន រួមមាន សែនក្បាលទឹក ឆេងម៉េង និងបុណ្យចូលឆ្នាំចិនតែម្តង ។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ រថយន្តដឹកជ្រូកក្នុងស្រុក១គ្រឿងដែលមានផ្ទុកកូនជ្រូកជិត៤០០ក្បាលត្រូវបានក្រុមពេទ្យសត្វចល័តបើក រថយន្តសេរីទំនើបស្ទាក់ចាប់នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដើម្បីត្រួតពិនិត្យ ឯកសារនៃការដឹកជញ្ជូនសត្វគ្រានោះអ្នកយកព័ត៍មានបានថតយករូបភាព ធ្វើអោយក្រុមពេទ្យសត្វមកពីនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្មដឹកនាំដោយលោកសាំង សារ៉ន ខកចិត្តយ៉ាងខ្លាំងព្រោះមិនបានលុយថ្លៃសាំងពីឈ្មួញរកស៊ីដឹកជ្រូកនោះឡើយ ទោះបីជាដឹងថា ” ជ្រូក១រថយន្តនេះដឹកជញ្ជូនគ្មានច្បាប់ក៍ដោយ ” ។
មន្ត្រីពេទ្យសត្វមួយរូបដែលចុះចាប់រថយន្តដឹកកូនជ្រូកបានអោយដឹងថា កូនជ្រូកនេះមួយរថយន្តនេះមានចំនួនយ៉ាងតិច៤០០ក្បាលចំណែកម្ចាស់ប្រាប់ថាជាង២០០ក្បាលប៉ុណ្ណោះ ។ បើដឹកយកទៅចិញ្ចឹមអត់បញ្ហាទេតែប្រសិនបើដឹកយកទៅធ្វើជ្រូកខ្វៃប្រាកដជាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ព្រោះថាប្រភេទថ្នាំអ័រម៉ូនដែលចាក់ដើម្បីអោយជ្រូកឆាប់ធំធាត់មិនទាន់រលាយអស់ពីក្នុងរាងកាយរបស់សត្វជ្រូកនោះឡើយ ហើយការចុះចាប់រថយន្តដឹកជ្រូកនេះគឺពិនិត្យឯកសារនៃការដឹកជញ្ជូនជាពិសេសខ្លាចសត្វជ្រូកទាំងនោះមានជំងឺឆ្លង ។ មន្ត្រីពេទ្យសត្វនៅមូលដ្ឋានក៍មានដែរតែហាក់ដូចជាធ្វើការងារមិនយកចិត្តទុកដាក់ទាល់តែសោះ ទើបលោករដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជូនមន្ត្រីពីក្រសួងអោយចុះត្រួតពិនិត្យការដឹកជញ្ជូនសត្វចូលមករាជធានីភ្នំពេញនៅគ្រប់ច្រកទាំងអស់ដើម្បីទប់ស្កាត់ខ្លាចមានជំងឺឆ្លង ។
ពាក់ព័ន្ធករណីចាប់រថយន្តដឹកកូនជ្រូកជិត៤០០ក្បាលនេះលោកសាំង សារ៉ន ប្រធានក្រុមការងារចុះបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនសត្វនៅផ្លូវជាតិលេខ១បានប្រាប់ ដូច្នេះថា កូនជ្រូកមួយរថយន្តដែលសមត្ថកិច្ចចាប់ត្រួតពិនិត្យនៅនេះជាប្រភេទជ្រូកចិញ្ចឹមក្នុងស្រុក មិនមែនជ្រូកនាំចូលមកពីក្រៅប្រទេសនោះទេ ពោលគឺជាប្រភេទកូនជ្រូកដឹកចេញពីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ហើយដឹកយកទៅចិញ្ចឹមនៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល ។ បើតាមការត្រួតពិនិត្យឯកសារនៃការដឹកជញ្ជូន គឺខុសនីតិវិធីច្បាប់គ្មានការបញ្ជាក់ពីម្ចាស់កសិដ្ឋាន និងមន្ត្រីពេទ្យសត្វនៅខេត្តកណ្តាលនោះឡើយ មានលិខិតដឹកជញ្ជូនដែរតែលិខិតនោះហួសសុពលភាពហើយ ។
លោកប្រធានក្រុមការងារបានបន្តថា បញ្ហាធំក្នុងការឃាត់រថយន្តដឹកជ្រូកធ្វើការត្រួតពិនិត្យនេះគឺទប់ស្កាត់ការដឹកជញ្ជូនសត្វគ្រប់ប្រភេទដែលមានជំងឺព្រោះធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាពិសេសសត្វជ្រូកដែលនាំចូលមកពីប្រទេសជិតខាង ដោយឡែកជ្រូកនៅក្នុងស្រុកមិនសូវជាបញ្ហាចោទនោះទេប៉ុន្តែរាល់ការដឹកជញ្ជូនសូមអោយមានលិខិតស្នាមបញ្ជាក់ពីម្ចាស់កសិដ្ឋានឬក៍ពីមន្ត្រីពេទ្យសត្វនៅថ្នាក់ត្រឹមត្រូវទើបអនុញ្ញាតិអោយដឹក ៕
ដោយៈសណ្តោស