ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ពួកក្រុមជ្រុលនិយមនៅក្រៅប្រទេស មួយចំនួន រួមទាំងអ្នកនយោបាយចាស់វស្សាផងដែរ បានយកបញ្ហាកសិកម្ម មកញុះញង់ប្រជាពលរដ្ឋ និងប្រជាកសិករឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានានៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុន ពួកជ្រុលនិយម បោះឆ្នោតមិនឈ្នះគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់គ្រប់បែបយ៉ាងមកលើគណបក្សប្រជាជនកម្ពុជា ហើយពេលនេះ ពួកជ្រុលនិយម ដែលតែងអួតខ្លួនថា អ្នកប្រជាធិបតេយ្យនោះ បានញុះញង់ប្រជាពលរដ្ឋឱ្យផ្តួលរំលំរាជរដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យទៅវិញ។
ពាក់ព័ន្ធនឹងបញ្ហាកសិកម្មនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទជាសំណួរទៅកាន់អ្នក នយោបាយចាស់វស្សានៅប្រទេសបារាំងថា បើសិនខ្លួនជាអ្នកស្នេហាជាតិមែន ហេតុអ្វីមិនស្នើសុំឱ្យ បរទេសបើកទីផ្សារនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា? ប៉ុន្តែផ្ទុយទៅវិញ អ្នកនយោបាយចាស់វស្សា រូបនោះ តែងតែអំពាវនាវឱ្យបរទេសកាត់ទីផ្សារពីកម្ពុជាទៅវិញ។
៨សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករ រាជរដ្ឋាភិបាលផ្ដល់ទុន៣០លានដុល្លារបន្ថែមទៀត ទៅដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីចុះជួយទិញស្រូវប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំឱ្យផ្សារស្រូវរបស់ប្រជាពលរដ្ឋជាប់គាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយម ជាពិសេសទណ្ឌិតជើង១០ភ្នែក៥ មួយថ្ងៃៗដើរទៅជួបប្រទេសនេះប្រទេសនោះ ដើម្បីតែស្នើឱ្យគេកាត់ជំនួយនេះ ជំនួយនោះពីកម្ពុជា ហើយប្រកាសថាស្រឡាញ់ ប្រជាជនកម្ពុជាណាស់។ សម្ដេចមានប្រសាសន៍ថា បើអ្នកស្រឡាញ់ប្រជាជនហេតុអ្វីអ្នកមិនទៅស្នើឱ្យគេជួយកម្ពុជា និងជួយប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា