ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ៗនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអបអរសាទរចំពោះការសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ខណៈសមិទ្ធផលនេះ គឺបានចូលរួមចំណែកយ៉ាងធំធេងដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។
-សម្ដេចធិបតី ថ្លែងថា ពាក្យថា «អគុណសន្ដិភាព អគុណនយោបាយ ឈ្នះ ឈ្នះ គឺប្រើស័ក្ដិសមបំផុត នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។
-សម្ដេចធិបតី ថ្លែងថា ឱ្យតែកម្ពុជារក្សាបានសុខសន្ដិភាពទៅថ្ងៃខាងមុខ នៅតំបន់មជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នេះ នឹងអាចមានប្រជាជនរាប់ម៉ឺននាក់មករស់នៅ និងមានការអភិវឌ្ឍរីកចម្រើនថែមទៀត។
-សម្ដេចធិបតី ថ្លែងថា ទស្សនវិស័យរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិននៅត្រឹមប្រែក្លាយព្រៃទៅជាតំបន់អភិវឌ្ឍន៍ប៉ុណ្ណោះ ទេ គឺសម្ដេចទាំងទ្វេមានទស្សនវិស័យខ្ពស់ជាងនេះទៅទៀត គឺប្រែក្លាយតំបន់ព្រំដែន តំបន់ធ្លាប់ ប្រឈមនឹងសង្គ្រាមទៅជាតំបន់ដែលមានការរីកចម្រើនឥតឈប់ឈរតពីមួយជំនាន់ទៅមួយជំនាន់។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងយ៉ាងដូច្នេះដែរ បានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើមនោះ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន។
-សម្ដេចធិបតី ថ្លែងថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺរាជ រដ្ឋាភិបាលគ្រប់អាណត្តិតែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ។ ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធ ជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ច ជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីត យុទ្ធជនជារៀងរាល់ឆ្នាំ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលតាមរយៈក្រសួងស្ថាប័ននានា មិនដែលនៅស្ញៀម ចំពោះបញ្ហាស្បៀងអារហារឡើយ។
-សម្ដេចធិបតី ថ្លែងថា ក្រោយមានសន្តិភាពពេញបរិបូរចាប់ពីចុង ឆ្នាំ១៩៩៨ មក ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ យើងបានប្រែក្លាយតំបន់ព្រៃ តំបន់ប្រឈមនឹង សង្គ្រាមទៅជាភូមិដែលមានមនុស្សរស់នៅ ក្រោយមកភូមិនោះបានប្រែក្លាយបន្តិចម្ដងៗទៅជាតំបន់ អភិវឌ្ឍន៍ដែលមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
-សម្ដេចធិបតី ថ្លែងថា ចំពោះការដាំដុះ តើយើងគិតតែលើតម្លៃទីផ្សារតែមួយមុខមែនទេ? អត់ទេ! គឺមានច្រើនដំណាក់កាលណាស់។ ទី១ គឺគិតរឿងមានដីសិន បើគ្មានដីមិនអាចនិយាយរឿងដាំដុះអ្វីបានឡើយ។ រឿងដីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំតាំងពីចុងទសវត្សឆ្នាំ១៩៨០រហូតមកដល់បច្ចុប្បន្ន។ ខណៈបច្ចុប្បន្នមានជាង១០លានក្បាលដីដែលបានបែងចែក។ ដូច្នេះដើម្បីឱ្យកសិករមានលទ្ធភាពធ្វើបានទី១ គិតគូររឿងដីធ្លីនេះជូនកសិករ។ ទី២ ទឹក ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ គិតគូរលើប្រព័ន្ធស្រោចស្រពជូនពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា សម្ដេចបានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែងនារដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
-សម្ដេចធិបតី ថ្លែងថា បើរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា មិនអភិវឌ្ឍន៍ប្រទេសសោះ មិនមែនពលរដ្ឋកម្ពុជា បោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលកម្ពុជាភ្លូកទឹកភ្លូកដីនោះទេ។
-សម្ដេចធិបតី ថ្លែងទទួលស្គាល់ថា ការជួយឧបត្ថម្ភជូនមន្ត្រីរាជការនៅគឺនៅមានកម្រិត ព្រោះតែតម្រូវការក្នុងទំហំធំ ប៉ុន្តែរដ្ឋាភិបាលនឹងបន្តផ្ដល់ជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍ និងអតីតយុទ្ធជននានា។
-សម្ដេចធិបតី ថ្លែងថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុកបានចាក់ប្រេងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០ នាក់ បន្ថែមទៀត ដើម្បីជួយដល់កសិករនៅតាមមូលដ្ឋាន។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ការស្វែងរកទីផ្សារ។
-សម្ដេចធិបតី ថ្លែងថា សំណាងហើយរយៈពេលពីរឆ្នាំមកនេះ អតិផរណាលើផលិតផល និងទំនិញរបស់កម្ពុជានៅមានតិច ខណៈបណ្ដាប្រទេសផ្សេងកំពុងប្រឈមខ្លាំងលើបញ្ហាអតិផរណានេះគឺធ្វើឱ្យតម្លៃផលិតផលនានាមានការកើនឡើងមួយគុណនឹងពីរ។
-សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្នមានអ្នកវិភាគ ឬបណ្ឌិត ជើង១០ ភ្នែក៣ និងទណ្ឌិតជើង១០ភ្នែក៥ ពួកគេអង្គុយរិះគន់ពីក្រៅប្រទេសមកកម្ពុជា តាមរយៈកាំមេរ៉ាមួយ ភ្នែកពីរដោយមិនដឹងរឿងអ្វីទាល់តែសោះ ប៉ុន្ដែពួកគេអះអាងថា ពួកគេស្រឡាញ់កសិករ ខណៈសកម្មភាពពួកគេ គឺដើម្បីកេងចំណេញផលប្រយោជន៍ នយោបាយរបស់ពួកគេប៉ុណ្ណោះ។
-សម្ដេចធិបតី ថ្លែងថា ក្រុមជ្រុលនិយម ជាពិសេសទណ្ឌិតជើង១០ភ្នែក៥ មួយថ្ងៃៗដើរទៅជួបប្រទេសនេះប្រទេសនោះ ដើម្បីតែស្នើឱ្យគេកាត់ជំនួយនេះ ជំនួយនោះពីកម្ពុជា ហើយប្រកាសថាស្រឡាញ់ ប្រជាជនកម្ពុជាណាស់។ សម្ដេចមានប្រសាសន៍ថា បើអ្នកស្រឡាញ់ប្រជាជនហេតុអ្វីអ្នកមិនទៅស្នើឱ្យគេជួយកម្ពុជា និងជួយប្រជាជនកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ដើម្បីដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករ រាជរដ្ឋាភិបាលផ្ដល់ទុន៣០លានដុល្លារបន្ថែមទៀត ទៅដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីចុះជួយទិញស្រូវប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំឱ្យផ្សារស្រូវរបស់ប្រជាពលរដ្ឋជាប់គាំង។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខស្បៀង រដ្ឋាភិបាលកម្ពុជា ត្រូវដោះស្រាយបញ្ហាពីរ គឺជាមួយអ្នកលក់ និងអ្នកទិញ ដោយត្រូវធានាតម្លៃល្អសម្រាប់អ្នកលក់ និងធានាមិនឱ្យតម្លៃលក់ឡើងថ្លៃពេកប៉ះពាល់ដល់អ្នកទិញ។ សម្ដេច គាំទ្រឱ្យពលរដ្ឋសម្ដែងការគាំទ្រការព្រួយបារម្ភចំពោះកង្វល់នានាលើបណ្ដាញសង្គម។
-សម្ដេចធិបតី ថ្លែងបន្តថា រដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជន មិនដូចក្រុមអ្នកនយោបាយមួយចំនួន ដែលចុះទៅជួបអ្នកលក់ស្រែកថាលក់បានតម្លៃថោក ហើយទៅជួបអ្នកទិញស្រែកថាតម្លៃថ្លៃពេកទេ។ រដ្ឋាភិបាល គឺមានគោលការណ៍ច្បាស់ក្នុងការធានាតម្លៃមួយដែលទទួលយកបានរវាងអ្នកលក់និងអ្នកទិញ។
-សម្ដេចធិបតី ថាអះអាងថា ដរាបណា គណបក្សប្រជាជនឈ្នះឆ្នោត មានឱកាសដឹកនាំរដ្ឋាភិបាល គឺ រដ្ឋ មិនយកពន្ធលើការនាំចូលជីកសិកម្ម និងផលិតផលពាក់ព័ន្ធវិស័យកសិកម្មឡើយ។
-សម្ដេចធិបតី ថ្លែងថា រដ្ឋាភិបាលកម្ពុជាមិនបាននៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ឡើយ។ សម្ដេច បញ្ជាក់ថា បើរដ្ឋាភិបាលកម្ពុជា នៅពីក្រោយករណីនេះ កម្ពុជា មិនបញ្ចូនជនដៃដល់ជនជាតិថៃ ឈ្មោះ អេកាឡាក់ ភាណយ ទៅឱ្យថៃវិញឡើយ។
-សម្ដេចធិបតី ថ្លែងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពរបស់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្ត នៃអតីតបក្សប្រឆាំង។
សូមជម្រាបជូនថា មណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ជាដីសម្បទានសង្គមកិច្ច ត្រូវបានផ្តួចផ្តើមរៀបចំ និងបង្កើតឡើងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ នៅអំឡុងឆ្នាំ២០២០ រដ្ឋបាលខេត្តពោធិ៍សាត់ ដែលមានលោកបណ្ឌិត ម៉ៅ ធនិន ជាអភិបាលខេត្តនាពេលនោះ និងលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស បានរៀបចំត្រួសត្រាយ និងបែងចែកដីលំនៅឋាន និងដីកសិកម្មជូនអតីតយុទ្ធជន ទាំង ៦២៨គ្រួសារ ដោយ ១គ្រួសារទទួលបានដីទំហំ ១០,៥០០ម៉ែត្រការ៉េ៕
ដោយ៖ស តារា










