ខេត្តពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ផ្ដាំទៅទណ្ឌិត សម រង្ស៊ី ដែលសម្ដេចបានឱ្យរហ័សនាមថ្មីថា «ទណ្ឌិតជើង១០ ភ្នែក៥» ឱ្យដេកចាំទៅ បើចង់ប្តូររាជរដ្ឋាភិបាលមិនតាមប្រជាធិបតេយ្យ។
សម្ដេចនាយករដ្ឋមន្រ្តី បានផ្ដាំទៅកាន់ទណ្ឌិតជើង១០ ភ្នែក៥ នោះថា ឱ្យសួរអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា សួរព្រមទេ? ឱ្យលោកមកដុតប្រទេស យកមកមនុស្សទៅទម្លាក់រដ្ឋាភិបាល ទៅទម្លាក់គណបក្សប្រជាជនកម្ពុជា ដែលប្រជាជនជាង៨០ភាគរយបោះឆ្នោតឱ្យនោះ? គេមិនព្រមទេ។ ប្រជាធិបតេយ្យពិតប្រាកដគឺ គេយកសំឡេងប្រជាជន ហើយប្រជាជន៥ឆ្នាំធ្វើប្រជាមតិម្ដងតាមរយៈការបោះឆ្នោត។ នេះបើតាមការបញ្ជាក់បន្ថែមពីសម្ដេចមហាបវធិកបតី ហ៊ុន ម៉ាណែត។
ជុំវិញករណីញុះញង់ម្ដងហើយម្ដងទៀត ទៅកាន់ប្រជាពលរដ្ឋ ឱ្យដើរខុសគន្លងប្រជាធិបតេយ្យ របស់ទណ្ឌិត សម រង្ស៊ី ឬរហ័សនាមថ្មី ដែលសម្ដេចមហាបវធិបតីហៅថា ទណ្ឌិតជើង១០ ភ្នែក៥ នោះយ៉ាងដូច្នេះថា៖ «ប៉ុន្តែអ្វីដែលខ្ញុំសំដៅ អ្នកដែលរិះគន់វាយប្រហារមុខសញ្ញាដដែលៗហ្នឹង ទណ្ឌិតជើង១០ ភ្នែក៥ ឥលូវខ្ញុំលែងហៅលោកអ៊ុំ លោកអីទៀតហើយ ព្រោះជេៗដល់កហើយឥលូវវាយជេទាំងត្រកូលតែម្ដង សាហាវតែម្ដងលេងៗសងសឹកតែម្ដងតានេះ។ ឥលូវខ្ញុំហៅទណ្ឌិតជើង១០ ភ្នែក៥ តែម្ដងទៅព្រោះជេៗសាហាវ។ ដើរមួយថ្ងៃៗមានតែបបួលប្រជាពលរដ្ឋបះបោរប្រដាប់អាវុធ ថ្ងៃមុនចេញទៀតហើយ រដ្ឋាភិបាលអត់យកចិត្តទុកដាក់លើប្រជាពលរដ្ឋទេ ងើបបះបោរតោះបញ្ចប់រដ្ឋាភិបាលត្រកូល ហ៊ុន អីចឹងទៅ ថ្ងៃមុន CLV-DTA ស្រែកមួយទៀតទៅ»។
«ចុងក្រោយបោះឆ្នោតមិនជាប់ គាត់ថាឥលូវឈប់បោះឆ្នោតមិនបាច់បោះឆ្នោតអីទេ មានតែវិធីសាស្រ្តតែមួយបាន ប្រជាធិបតេយ្យពិតប្រាកដគឺលើកគ្នាបះបោរផ្ដួលទៅ ដើម្បីយករូបមន្តដូចបង់ក្លាដេស ដើម្បីឱ្យយកអ្នកមួយ តួរអង់ពីខាងក្រៅ ដឹកកាប៉ាល់ហោះចូលមកដឹកនាំ ហើយគាត់កំពុងចង់បានហ្នឹងដេកចាំទៅ»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា ពាក្យ “អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ” គឺប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។ ជាក់ស្តែង មានអតីតយុទ្ធជន ដែលកំពុងមានវត្តមាននៅទីនេះ ជាសាក្សីរស់ ហើយមានសំណាងរស់រានមានជីវិត និងអាចបង្កើតគ្រួសារ។
យោធាជាច្រើនរូប ក៏អាចត្រឡប់ទៅជួបជុំគ្រួសារ ហើយទីនេះ ដែលធ្លាប់ជាតំបន់ព្រៃ និងដាច់ស្រយាល បានក្លាយទៅជាតំបន់ពោរពេញដោយការវិវត្ត មានភូមិ សាលារៀន មន្ទីរពេទ្យ និងជីវភាពរស់នៅ។ ទីនេះ ដែលជាកន្លែងធ្លាប់តែគ្មានមនុស្សរស់នៅ បានប្រែក្លាយទៅជាកន្លែងដែលមានមនុស្សរស់នៅជាង ៦០០គ្រួសារ ដោយបានប្រែក្លាយជីវិតថ្មី កសាងគ្រួសារថ្មី និងបង្កបង្កើនផលចិញ្ចឹមជីវិត។ កន្លែងនេះ នឹងក្លាយជាកន្លែងសម្រាប់បងប្អូនតជំនាន់អាចអភិវឌ្ឍទៅមុខ និងកាន់តែល្អថែមទៀតពីមួយជំនាន់ទៅមួយជំនាន់ ដែលនេះជាការអភិវឌ្ឍពិតប្រាកដ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនដែលទុកអតីតយុទ្ធជនចោលនោះទេ ដោយយកចិត្តទុកដាក់ទៅលើកិច្ចការ ២ សំខាន់ គឺជីវភាព និងកិត្តិយស។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា រាជរដ្ឋាភិបាល ពិតជាបានដោះស្រាយ និងជួយច្រើនចំពោះអតីតយុទ្ធជន តែនៅតែមិនទាន់បានគ្រប់ ១០០% ឬបំពេញសេចក្តីត្រូវការនោះទេ ព្រោះទំហំធំ តែយើងនឹងខិតខំបន្ត។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំទាំងអស់ និងក្នុងនាមនាយករដ្ឋមន្ត្រីផ្ទាល់ ប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខំកសាងបន្ថែម អភិវឌ្ឍបន្ថែម អភិវឌ្ឍប្រទេស និងជួយអតីតយុទ្ធជន គឺត្រូវធ្វើជាបណ្តើរៗ សន្សឹមៗ ហើយក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយដែលបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍ ក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយភាពច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ៕
ដោយ ៖ សិលា