ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម ដល់កងកម្លាំងនគរបាលក្រោមឱវាទ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផល ប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ (គិតពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥) និងដាក់ចេញទិញដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន និងវៀតណាម។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង ការប្រចាំការ២៤ម៉ោង, បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ពង្រឹងការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ សុវត្ថិភាពសង្គមឲ្យបានល្អ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និង ក្មេងទំនើងឲ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់កម្លាំងទាំងអស់ត្រូវ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា, ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, ពង្រឹងគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រូវទប់ស្កាត់ឲ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មានច្បាប់អនុញ្ញាតក្នុងឱកាសបុណ្យចូលឆ្នាំចិន៕
ដោយ ៖ សិលា