ខេត្តព្រៃវែង ៖ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលប្រារព្ធធ្វើនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
ពិធីបើកសន្និបាតនេះដែរ មានការរាយការណ៍អំពី៖
-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយលោកនាយករដ្ឋបាលសាលាខេត្ត។
-របាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងខេត្តព្រៃវែង ដោយស្នងការដ្ឋាននគបាលខេត្ត។
បន្ទាប់មកក៏មានការធ្វើបទអន្តរាគមន៍ពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព រដ្ឋបាលស្រុក រដ្ឋបាលឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលមួយចំនួន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវឌ្ឍន៍ថ្មីៗ ដែលយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងសម្រេចបាន ដោយផ្អែកតាមក្របខណ្ឌនៃតួនាទីភារកិច្ចស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងផ្នែកជំនាញនៅថ្នាក់ក្រោមជាតិ ព្រមទាំងការចង្អុលដឹកនាំ ជាគន្លឹះពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។
ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក ប្រធានសាលាដំបូង ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងសាលាខេត្ត កងកម្លាំងទាំងបី នាយក នាយករងទីចាត់ការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល ឃុំ សង្កាត់ និងមន្ត្រីរាជការ សរុបប្រមាណ ៤៦២រូប៕
ដោយ ៖ សិលា