ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។
សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំ បានដាក់ចេញនូវគោលការណ៍ឲ្យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សហការចុះផ្សព្វផ្សាយអប់រំដល់កន្លែងលក់ផាវនិងកាំជ្រួច ដោយមិនអនុញ្ញាតឲ្យលក់ផាវនិងកាំជ្រួចនោះទេ បើក្នុងករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួចត្រូវចាប់ឃាត់ទុក។
*ណែនាំមិនអនុញ្ញាតឲ្យមានការដុតផាវ ដុតកាំជ្រួច ដែលមានហានីភ័យបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។
*ណែនាំឲ្យត្រៀមរថយន្តពន្លត់អគ្គិភ័យ ដើម្បីចេញសង្រ្គោះអគ្គីភ័យ។
*ណែនាំពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ចេញល្បាតត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕ ដោយ៖តារា