ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបូកសរុបសន្និបាតប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការសាលាខេត្ត មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះបទអន្តរាគមន៍ទាំង១៨នាពេលនេះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរ ដើម្បីរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវសំដៅជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដើម្បីដាក់ចេញវិធានការ ឆ្លើយតបបានទាន់ពេលវេលា។ យើងក៏ចាំបាច់ត្រូវរួមគ្នាគិតគូរៀបចំដាក់ចេញវិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពចំពោះសកម្មភាពប៉ុនប៉ង ព្យាយាមបង្កចលាចលវឹកវរក្នុងសង្គម ការបន្តកើនឡើងនូវគ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បញ្ហាប្រឈមមួយចំនួនទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនមូលដ្ឋានជាដើម។

ក្នុងឱកាសនោះលោក អភិបាលខេត្ត បានផ្តល់នូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ចក្នុងឆ្នាំ២០២៥ ដែលមានដូចខាងក្រោម៖ ការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យតំបន់ឆ្នេរចំពោះការលក់ដូរតាមរ៉ឺម៉ក រទេះ និងការលក់ដូរគ្រប់រូបភាពនៅតាមឆ្នេរសមុទ្រ ធ្វើយ៉ាង ណាឱ្យការលក់ដូរមានសណ្តាប់ធ្នាប់ កុំឱ្យមានការកកស្ទះចរាចរណ៍ ធ្វើការផ្សព្វផ្សាយ និងផ្តោតការយកចិត្តទុកដាក់លើការប្រព្រឹត្តិកម្មសំណល់រឹងប្រកបដោយអនាម័យ និងប្រសិទ្ធភាព ការបំលែងថាមពល និងការកែច្នៃសំណល់រឹង។ ជំរុញឱ្យមានការអនុវត្តគោលការណ៍ការកាត់បន្ថយការប្រើប្រាស់ឡើងវិញ និងការកែច្នៃលើការគ្រប់គ្រងសំណល់រឹង ព្រមទាំងការបង្កើតជីកំប៉ុស្តិ៍ បង្កើនការផ្សព្វផ្សាយដល់ប្រជាជនពីការញែកសំរាមនៅតាមលំនៅដ្ឋាន សាលារៀន និងទីសាធារណៈ ពង្រឹងមធ្យោបាយប្រមូលសំណល់រឹងស្របតាមបទដ្ឋានបច្ចេកទេស និងស្តង់ដាទីក្រុងស្អាត រៀបចំជាផ្នែកៗ កន្លែងសម្អាតកំទេចកំទីសំរាម កន្លែងស្តុក គម្របដី និងការលុបសំណល់រឹង ធ្វើការកែលម្អប្រព័ន្ធដឹកជញ្ជូន និងការប្រមូលសំណល់រឹងតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធប្រមូលសំណល់ និងមធ្យោបាយដឹកជញ្ជូន ជំរុញ និងលើកកម្ពស់ដល់ការត្រួតពិនិត្យ ការកែច្នៃឡើងវិញ និងការកាត់បន្ថយការផលិតសំណល់រឹងពីអ្នកប្រើប្រាស់ ជំរុញនិងលើកទឹកចិត្តចំពោះការកែច្នៃសំណល់រឹងឡើងវិញដូចជា ក្រដាសផ្លាស្ទិច និងលោហធាតុក្នុងកម្រិតអតិបរមា ដើម្បីកាត់បន្ថយសំណល់រឹងចុងក្រោយទៅកប់ក្នុងដី។ ការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រៀបចំពង្រឹង និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងការងារ និងការបែងចែកមុខងារ តួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលនីមួយៗឱ្យបានច្បាស់លាស់ ការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រស្តង់ដាជាតិការតាមដានត្រួតពិនិត្យ អធិការកិច្ច និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈសំដៅបង្ខិតសេវាសាធារណៈឱ្យទៅកៀកជិតប្រជាជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាជនប្រកបដោយប្រសិទ្ធភាព រហ័ស និងចំគោលដៅនៃតម្រូវការនៅតាមមូលដ្ឋាននីមួយៗ។ បន្តពង្រឹង និងលើកកម្ពស់សមត្ថភាពតាមរយៈការពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយជំនាញវិជ្ជាជីវៈ នវានុវត្តន៍ និងក្រមសីលធម៌. ការផ្តល់ធនធាន ហិរញ្ញវត្ថុ មធ្យោបាយ ឧបករណ៍ សម្ភារៈ និងធនធានមនុស្សឱ្យបានសមស្រប .ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងការងារ ការប្រាស្រ័យទាក់ទង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយគណនេយ្យភាព គុណភាព តម្លាភាពរហ័ស និងភាពជឿទុកចិត្ត ។

ទន្ទឹមនោះ លោក អភិបាលខេត្ត បានបញ្ជាក់ថា ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៧ចំណុច របស់រាជរដ្ឋភិបាល ក្នុងនោះមានដូចជា៖
១.ផ្តល់សេវាសាធារណប្រកបដោយតម្លាភាព មានការជឿជាក់ពីប្រជាពលរដ្ឋ ២.គ្មានបទល្មើសលួចឆក់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន ទាមទារឱ្យមានការចូលរួមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ៣.រៀបចំសណ្តាប់ធ្នាប់សាធារណ គ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានក្មេងទំនើង ៥.ដោះស្រាយវិវាទក្រៅប្រ័ន្ធតុលាការឱ្យមានប្រសិទ្ធភាព និងតម្លាភាព
៦.អនុវត្តអនាម័យ បរិស្ថាន សោភណ្ឌភាពបៃតង ក្នុងមូលដ្ឋាន
៧.ឆ្លើយតបបានទាន់ពេលវេលា និងគ្រោះមហន្តរាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print