ក្រោយពេលពលរដ្ឋថៃបានបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មី ដែលផ្តល់អទិភាពឲ្យកម្លាំងយោធា ថៃប្រឈមនិងការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិគឺមានការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់ និងមានគ្រាប់បែកជាច្រើនមិនទាន់ផ្ទុះត្រូវប៉ូលិសរកឃើញ។
នៅខេត្តហួហ៊ីន ប្រទេសថៃ រងការវាយប្រហារគ្រាប់បែកបណ្តាលឲ្យស្លាប់មនុស្ស២នាក់នោះ នគរបាលថៃទើបតែបានរកឃើញគ្រាប់បែកមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ផ្សេងទៀត ដែលគេដាក់ផ្លុងចោលនៅតាមខេត្តភាគខាងត្បូង។
ដំណាក់កាលនេះធ្វើឲ្យនគរបាលថៃ ដាក់ការសង្ស័យថា ការដាក់បង្កៃបំផ្ទុះគ្រាប់បែកទាំងនេះ អាចជាស្នាដៃរបស់ពួកឧទ្ទាមអ៊ិស្លាមផ្តាច់ខ្លួននៅភាគខាងត្បូង ដែលនេះគឺវាឃ្លាតឆ្ងាយពីការសង្ស័យរបស់រដ្ឋាភិបាល ដែលបានចោទទៅលើក្រុមអាវក្រហម ថា ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ។
យ៉ាងហោចណាស់មានគ្រាប់បែកច្នៃចំនួន៥គ្រាប់ ដែលនគរបាលថៃបានរកឃើញនៅតាមខេត្តភាគខាងត្បូងចំនួន៣ គឺខេត្តផាំងង៉ា ខេត្តប្រាជួបគីរីខណ្ឌ និងកោះភូកេត ។ គ្រាប់បែកទាំងនេះត្រូវបាននគរបាលបំផ្លាញចោល ហើយបើតាមការពិនិត្យពីអ្នកបចេ្ចកទេសគឺវាជាប្រភេទគ្រាប់បែកច្នៃតែមួយដូចទៅនឹងគ្រាប់បែកដែលបានផ្ទុះនៅហួហ៊ីន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រកន្លងទៅ។
នគរបាលថៃ បានឈានទៅរកឃើញនូវកាតស៊ីម SIM ដែលជនដៃដល់បានប្រើប្រាស់ ដើម្បីបញ្ជាបំផ្ទុះគ្រាប់បែក ហើយដែលកាតស៊ីមនោះគឺមានប្រភពពីប្រទេសម៉ាឡេស៊ី ដែលនៅជាប់ភាគខាងត្បូងប្រទេសថៃ។ ជាមួយនឹង លទ្ធផលស៊ើបអង្កេតថ្មីទាំងនេះធ្វើឲ្យនគរបាលថៃដាក់ការសង្ស័យទាំងស្រុង ថា សកម្មភាពបំផ្ទុះគ្រាប់បែកនេះ គឺជាស្នាដៃរបស់ក្រុមឧទ្ទាមអ៊ិស្លាមផ្តាច់ទឹកដីនៅភាគខាងត្បូង។
អ្នកនាំពាក្យនគរបាលថៃបានបញ្ជាក់ថា មេក្រុមឧទ្ទាមអ៊ិស្លាមផ្តាច់ទឹកដី កំពុងសំងំលាក់ខ្លួន ក្នុងទឹកដីម៉ាឡេស៊ី ជាប់ព្រំប្រទល់ប្រទេសថៃ ហើយតែងតែធ្វើសកម្មភាពនៅភាគខាងត្បូងថៃ ក្នុងតំបន់ដែលមានទេសចរណ៍បរទេសច្រើន។ ការដាក់ការសង្ស័យរបស់នគរបាលទៅលើក្រុមឧទ្ទាមអ៊ិស្លាមបំបែកទឹកដីបែបនេះគឺវាផ្ទុយពីអ្វីដែលរដ្ឋាភិបាលយោធាថៃបានសង្ស័យ ដែលភ្លាមៗបានចោទប្រកាន់ថា ក្រុមអាវក្រហមរបស់លោកថាក់ស៊ីន គឺជាអ្នកធ្វើសកម្មភាពវិទ្ធង្សនា នេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី