សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ បានផ្សាយថា កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា កញ្ចប់ថវិកាយោធារាប់ពាន់លានអឺរ៉ូរបស់អឺរ៉ុប មិនគួរប្រើប្រាស់ដើម្បីទិញតែសព្វាវុធពីសហរដ្ឋអាមេរិកឡើយ ដោយលោកជំរុញចង់ឱ្យមានការវិនិយោគបន្ថែម ទៅលើឧស្សាកម្មការពារជាតិ នៅក្នុងតំបន់ផ្ទាល់។
ស្របពេលដែលលោក ដូណាល់ ត្រាំ ទើបវិលត្រឡប់មកក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី កាលពីថ្ងៃចន្ទ លោក Macron បាននិយាយថា អឺរ៉ុបគួរតែចំណាយថវិកាបន្ថែមទៀត លើវិស័យការពារជាតិ ប៉ុន្តែលោកបានគូសបញ្ជាក់ថា នៅពេលនិយាយអំពីការបង្កើនការចំណាយលើយោធា ប្រទេសជាច្រើនបែរជាយល់ថា វាដល់ពេលត្រូវទិញសព្វាវុធបន្ថែម ពីអាមេរិកទៅវិញ។
បារាំង ដែលមានឧស្សាហកម្មការពារជាតិដ៏ធំមួយ ជារឿយៗបានបង្ហាញការត្អូញត្អែរ នៅពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត សម្រេចជ្រើសរើស ទិញអាវុធពីអាមេរិក ជាជាងពីបារាំង និងប្រទេសគ្នាឯងផ្សេងទៀត នៅអឺរ៉ុប។ ការសម្រេចចិត្តរបស់អាល្លឺម៉ង់ កាលពីឆ្នាំ២០២២ ក្នុងការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស European Sky Shield ដោយប្រើប្រាស់គ្រឿងបរិក្ខាររបស់អាមេរិក និងអ៉ីស្រាអែល ដោយមើលរំលងជម្រើសរបស់បារាំងជាមួយអ៉ីតាលី បានធ្វើឱ្យលោក Macron មិនសប្បាយ ចិត្តជាពិសេស៕
រូបថត: AFP