ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ បុរាណចារ្យ បានពោលប្រដៅថា (ល្បែងតែងវិនាស)។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង សំដៅថា ៖ មុខរបរសុច្ចរិតទៀងត្រង់មានសន្ធឹក មិននាំគ្នាប្រព្រឹត្ត គិតតែប្រមូលផ្តុំ ផ្គុំជើងគ្នា ប្រព្រឹត្តល្បែងពាលា ហើយតែងតែលើកឡើង បន្ទោសសង្គម បន្ទោសការដឹកនាំ ដោយមិនដែលបន្ទោសពីការប្រព្រឹត្តរបស់ខ្លួនឯងម្តងសោះឡើយ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បានលើកឡើងថា ៖ អនុវត្តបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន និងស្រុកសៀមបូក ដឹកនាំដោយអភិបាលស្រុកទាំង២ បានប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) នៅក្នុងព្រៃ ចំនួន ២ទីតាំង រួមមាន៖
-ទីតាំងទី១ នៅចំណុចអូរដក់ពរញើន ភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសាន។
-ទីតាំងទី២ នៅចំណុចអូរយឿន ភូមិអូរយឿន ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង បន្តថា ៖ ចំពោះវត្ថុតាងដែលរឹបអូសបាន កំពុងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់ជាធរមាន៕
ដោយ ៖ សិលា