ក្រុមភ្ញៀវ Barcelona បានវាយបកយកឈ្នះវិញពីការស៊ុតបាល់បញ្ចូលទីសរុបគ្រាប់បាល់រហូតដល់៩គ្រាប់នៃការប្រកួតនេះដើម្បីដណ្តើមបានជ័យជម្នះនៅឯទឹកដី Benfica ក្នុងលទ្ធផល ៥ទល់៤។
ក្រុមម្ចាស់ផ្ទះបានបង្កើតក្តីសុបិនមួយ ខណៈដែលខ្សែប្រយុទ្ធក្រិក Vangelis Pavlidis រកបាន៣គ្រាប់នៅនាទីទីត្រឹមតែ៣០ ដែលគ្រាប់បាល់ចំនួន២គ្រាប់ជាកំហុសរបស់អ្នកចាំទីប៉ូឡូញ Szczesny របស់ Barcelona ខណៈដែល Robert Lewandowski បានឆ្លើយតបពីការស៊ុតបាល់ប៉េណាល់ទីសម្រាប់ក្រុមអេស្ប៉ាញ។
គ្រាប់បាល់របស់ Raphinha គឺជាគ្រាប់បាល់ទី៥ចុងក្រោយរបស់ Barcelona ដែលជាគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩០+៦ ក្រោយពេល Eric García រកបានគ្រាប់បាល់ទី៤ និង Lewandowski ស៊ុតបាល់ប៉េណាល់ទីបានធ្វើឲ្យ Barca មួយគ្រាប់តាមពីក្រោយជាមួយជ័យជម្នះក្នុងលទ្ធផល ៥-៤។
សម្រាប់ក្រុមម្ចាស់ផ្ទះ Benfica ក្រៅពីគ្រាប់បាល់ទីទាំង៣គ្រាប់របស់ Vangelis Pavlidis គ្រាប់បាល់ទី៤របស់ក្រុមនេះកើតឡើងដោយសារតែការភ្លាត់ស្នៀតកីឡាករ Tomas Araujo របស់ Barcelona ស៊ុតចូលទីខ្លួនឯងនៅនាទីទី៦៨ ដែលនៅនាទីទីនោះក្រុមម្ចាស់ផ្ទះបាននាំមុខ៤ទល់២ ខណៈដែល២គ្រាប់របស់ Barcelona កើតឡើងនៅនាទីទី១៣ ពីការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី១៣ និង១គ្រាប់ទៀតរកបាននៅនាទីទី៦៤ដោយ Raphinha។
ប៉ុន្តែលទ្ធផល ៤ទល់២នេះមិនបានបញ្ចប់សម្រាប់ក្រុមភ្ញៀវ Barcelona នោះទេ ដោយក្រុមនេះបានបន្តវាយសម្រុករហូតដល់ធ្លាយសំណាញ់ទី៣គ្រាប់វិញ ដែលគ្រាប់ទី៣កើតឡើងនៅនាទីទី៧៨ពីការស៊ុតបាល់ប៉េណាល់ទីរបស់ Lewandowski, គ្រាប់បាល់ទី៤រកបានដោយ Eric García និងចុងក្រោយរកបានដោយ Raphinha ក្នុងម៉ោងបន្ថែម៩០+៦។
លទ្ធផលនេះជាការត្រលប់មកវិញដ៏រំភើបមួយរបស់ Barca ដែលបានដណ្តើមយកកៅអីរបស់ពួកគេក្នុងវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងចំនួន១៨ពិន្ទុរបស់ពួកគេនៅ Champions League រដូវកាលនេះ។ ចំណែក Benfica បានធ្លាក់មកឈរលេខ១៨ មានតែ១០ពិន្ទុប៉ុណ្ណោះក្នុង៧ប្រកួត ៕ (រូបភាព ៖ BBC)