ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន។
ជាកិច្ចចាប់ផ្តើម លោក ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់លោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។
បន្ទាប់មក លោក ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យលោក លោកស្រី ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក លោក ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនផងដែរ។
ជាកិច្ចបញ្ចប់ លោក ឧត្តមសេនីយ៍ឯក អគ្គាធិការ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
ដោយ ៖ សិលា