ខេត្តតាកែវ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងចំនួន ០៩នាក់ ជិះម៉ូតូចំនួនប្រាំគ្រឿង បានធ្វើសកម្មភាពប្រដាប់ដោយដុំថ្ម និងកាំបិតចំនួន១ដើម កាប់ទៅលើម៉ូតូចំនួនមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះ ប៊ិន នឿន ភេទស្រី អាយុ៤០ឆ្នាំ បណ្តាលឱ្យខូចខាត នៅចំណុចភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ ។
ក្នុងករណីនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ទី១. ឈ្មោះ យ៉េន តុលា ភេទប្រុស អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ បឿន បូរិន ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣.ឈ្មោះ ស្លេស អារីហ្វឺន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៤.ឈ្មោះ ទិត វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៥.ឈ្មោះ ឃុយ តុលា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៦.ឈ្មោះ ណុប រស្មី ភេទប្រុស អាយុ១៦ឆ្នាំ, ទី៧.ឈ្មោះ យឿង វណ្ណារ៉ា ភេទ ប្រុស អាយុ១៨ឆ្នាំ។ ចំណែកឯបក្ខពួកចំនួន០២នាក់ទៀត ឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ ញៀន ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ បានគេចខ្លួន។
ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ ពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តនៅចំណុចភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ៖តារា