ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៦ ក្រ៤ «ង» ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៧៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន ២នាក់ គឺ ១.ឈ្មោះ ង្វៀង ម៉ាញ់ហា (NYUYEN MANH HA) ភេទប្រុស អាយុ ៣០ឆ្នាំ និង២.ឈ្មោះ យឿង ទឹក (YOEUNG DOEK) ភេទប្រុស អាយុ ៣៥ឆ្នាំ ដាក់ទោសពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន ១០០ ០០០ ០០០ (មួយរយលាន) រៀល ពីបទ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៣៩ មាត្រា ៤០ មាត្រា ៤៧ និង មាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ចំពោះវត្ថុចាប់យកប្រភេទគ្រឿងញៀន និងសម្ភារពាក់ព័ន្ធនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕ដោយ៖តារា