ខេត្តស្ទឹងត្រែង÷ រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រី គន់គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកសរ សុពុត្រា អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យចុះពិនិត្យទីតាំងដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានផ្តល់ជូនសម្រាប់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត។
នាឱកាសនោះ ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា តបតាមអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា គឺអភិបាលខេត្តស្ទឹងត្រែង ក្នុងនាមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត នឹងអនុវត្តគម្រោងកែសម្រួលជួសជុលទីតាំងអគារចាស់ធ្វើជាទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ដើម្បីបម្រើនិងផ្ដល់សេវាជូនបងប្អូនអតីតយុទ្ធជនដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុ ជាតិ មាតុភូមិ។
ទេសរដ្ឋមន្ត្រី ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែង អំណរគុណដល់អភិបាលខេត្តស្ទឹងត្រែងដែលបានគិតគូរ យកចិត្តទុកដាក់ និងតបស្នងចំពោះការពលី និងលះបង់របស់អតីតយុទ្ធជន និងបំពេញជូនរាល់តម្រូវការរបស់បងប្អូនអតីតយុទ្ធជន។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ដឹកខេត្ត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តផ្សេងទៀត គិតគូរ និងសម្របសម្រួលក្នុងការផ្តល់ដី និងសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជន ខណៈមកដល់ពេលនេះ មានខេត្តចំនួន១៣ បានផ្តល់ដី និងសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន។
ទេសរដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា បណ្តាថ្នាក់ដឹកនាំខេត្ត និងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត នឹងខិតខំដោះស្រាយលើដំណើរ ការសាងសង់សមាគមអតីតយុទ្ធជនក្នុងខេត្តរបស់ខ្លួនជាបន្តបន្ទាប់។
ក្នុងថ្ងៃដដែល បន្ទាប់ពីពិនិត្យទីតាំងសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារត្រួតពិនិត្យផែនការ និងណែនាំពីការត្រៀមជួយសង្គ្រោះការបង្កបង្កើនផលស្រូវប្រាំង ព្រមទាំងណែនាំពីការរៀបចំច្រាំងទន្លេ ដើម្បីកាត់បន្ថយហានិភ័យល្បាក់ដី ពេលរដូវទឹកឡើង៕