សហរដ្ឋអាមេរិកនឹងដាក់ពង្រាយទាហាន 1,500 នាក់បន្ថែមទៀតទៅកាន់ព្រំដែនជាមួយប្រទេសម៉ិចស៊ិក ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីអន្តោប្រវេសន៍។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ ២០២៥ បានផ្សាយថា អាជ្ញាធរម៉ិចស៉ិក ចាប់ផ្តើមដំឡើងតង់ធ្វើជាជម្រកបណ្តោះអាសន្ន នៅក្នុងទីក្រុង Ciudad Juarez ដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធភាព ដែលជនជាតិម៉ិចស៉ិកត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក តាមពាក្យសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
មន្រ្តីក្នុងតំបន់ លោក Enrique Licon បាននិយាយថា ជម្រកបណ្តោះអាសន្នក្នុងទីក្រុង Ciudad Juarez អាចឱ្យមនុស្សរាប់ពាន់នាក់ស្នាក់នៅ ហើយគួរតែរួចរាល់នៅប៉ុន្មានថ្ងៃខាងមុខ។ ស្របពេលដែលមានកម្មករជាច្រើន ចុះពីរថយន្តដឹកកុងតឺន័រដែលចតនៅទីធ្លាដ៏ធំ នៅតំបន់ទន្លេ Rio Grande ខណ្ឌចែកទីក្រុង El Paso និងរដ្ឋ Texas របស់សហរដ្ឋអាមេរិក លោក Licon គូសបញ្ជាក់ថា «វាមិនធ្លាប់មានពីមុនមកទេ»។
ការដំឡើងតង់ជាច្រើនក្នុងទីក្រុង Ciudad Juarez គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលម៉ិកស៉ិក ដើម្បីផ្តល់ជម្រក និងសម្រាប់ជាមជ្ឈមណ្ឌលទទួលជនចំណាកស្រុក នៃទីក្រុងចំនួន ៩ទូទាំងភាគខាងជើងម៉ិកស៉ិក។ អាជ្ញាធរនៅទីនោះ នឹងផ្តល់ឱ្យជនជាតិម៉ិកស៉ិក នួវអាហារ កន្លែងស្នាក់នៅបណ្តោះអាសន្ន ការថែទាំសុខភាព និងជួយពួកគេឱ្យទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណ។ រដ្ឋាភិបាលក៏ត្រៀមរថយន្តក្រុង សម្រាប់ដឹកប្រជាជនម៉ិកស៉ិកពីមជ្ឈមណ្ឌលទទួល ឱ្យត្រលប់ទៅស្រុកកំណើតវិញផងដែរ។
លោក ត្រាំ បានប្តេជ្ញាអនុវត្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ដ៏ច្រើនសម្បើម ដែលមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តអាមេរិក។ ទោះយ៉ាងណា ការអនុវត្តបែននោះបាន ទំនងជាត្រូវប្រើពេលច្រើនឆ្នាំ ហើយត្រូវចំណាយថវិកាច្រើន៕
រូបថត: tienphong